ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅថ្ងៃអង្គារ នេះ នៅសាលពិព័រណ៍ជ្រោយចង្វា សម្ដេចតេជោហ៊ុន សែន បានថ្លែងថា
លទ្ធផលកិច្ចប្រជុំកំពូលពិសេសនេះ ទទួលបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រគួរអោយកត់សម្គាល់។ ហើយទាក់ទងទៅនឹងហេតុការណ៍គបស្បែកជើងមកសម្ដេចពេលនោះ នៅថ្ងៃនេះ សម្តេចតេជោបានថ្លែងថា បើសម្តេចមិនហាមឃាត់ទេ ជនដែលគប់សម្តេចអាចនឹងមានគ្រោះថ្នាក់។ សម្តេចតេជោបានមានប្រសាសន៍ថា មានកម្លាំង៣ក្រុម ស្នើសុំសម្តេចធ្វើបាតុកម្មសុំអាមេរិកចាត់វិធានការលើជនគប់សម្តេច ប៉ុន្តែសម្តេចហាមឃាត់មិនឱ្យធ្វើនោះឡើយ។
សម្តេចតេជោបានចោទសួរទៅអាមេរិកថា តើជនដែលគប់សម្តេចជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? សម្តេចក៏ស្នើឱ្យអាមេរិកគិតគូរឱ្យបានច្បាស់ បើគិតថា ការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកលែងមានសណ្តាប់ធ្នាប់ហើយ រួមទាំងនៅកម្ពុជាផង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រសាសន៍ច្បាស់ៗថា សម្តេចមិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងមកលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណានោះ គឺអាស្រ័យទៅលើអាមេរិកផ្ទាល់។
សម្តេចតេជោក៏បានណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ និងគាំទ្រសម្តេច អោយ រក្សាភាពនឹងនរ ដោយមិនត្រូវធ្វើការតបតណាមួយនោះឡើយ គឺទុកឱ្យអាមេរិក ជាអ្នកចាត់ចែង។ សម្តេចតេជោក៏បានណែនាំទូតខ្មែរនៅអាមេរិក មិនឱ្យធ្វើកំណត់ទូតណាមួយទៅកាន់រដ្ឋាភិបាលអាមេរិកនោះឡើយ៕SRP

