សម្តេច ស ខេង៖ មកដល់ពេលនេះ យើងមានសុខសន្តិភាពពេញទី គ្មានជម្លោះប្រដាប់អាវុធ គ្មានកម្លាំងឧទាមក្រៅច្បាប់ ដើម្បីប្រឆាំងនិងរដ្ឋាភិបាលនោះទេ

0

ខេត្តបាត់ដំបង៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ ថា ព្រះរាជាណាចក្រកម្ពុជាយើង និយាយជារួម ហើយដោយឡែក នៅខេត្តបាត់ដំបង មកដល់ពេលនេះយើងមានសុខសន្តិភាពពេញទី គ្មានជម្លោះប្រដាប់អាវុធ គ្មានកម្លាំងឧទាមក្រៅច្បាប់ ដើម្បីប្រឆាំងនិងរដ្ឋាភិបាលនោះទេ។

ការអះអាងរបស់សម្ដេច ស ខេង ធ្វើឡើងនៅររសៀលថ្ងៃចន្ទ ម្សិលមិញ ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀន គ្រូពេទ្យ និងសិល្បករ សិល្បការិនី នៅខេត្តបាត់ដំបង។

សម្ដេច ស ខេង បន្តថារាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន បានគ្រប់គ្រងទឹកដី នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ហើយនេះជាមោទភាពណាស់របស់យើងទាំងអស់គ្នា បើប្រៀបធៀបនិងប្រវត្តិសាស្ត្រនៃកម្ពុជា ក្នុងចន្លោះពីក្រោយអាណានិគមនិយមបារាំងដែលត្រួតត្រាកម្ពុជារហូតមកទល់ពេលនេះ។ ស្ថិរភាពនយោបាយនាពេលបច្ចុប្បន្នគឺ តាមរយៈការដែលកម្ពុជាបានអនុវត្តនូវរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញនោះ បានដាក់បញ្ចូលនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយបានប្រកាន់យក នូវរបបនយោបាយសម្រាប់កម្ពុជា គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស។ ឥស្សរជន ឬក៏ប្រជាពលរដ្ឋខ្មែរ គ្រប់រូបគ្រប់មជ្ឈដ្ឋាន មានសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយ តាមរយៈការបង្កើតគណបក្សនយោបាយ ដើម្បីប្រគួតប្រជែងក្នុងពេលបោះឆ្នោត ដណ្តើមអំណាចគ្រប់គ្រងទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ នេះគឺជាកត្តាសំខាន់ដែលនាំអោយយើងមានស្ថិរភាព ហើយក៏នាំអោយយើងមានសន្តិសុខ សន្តិភាព ដូច្នេះយើងអាចចាត់ទុកថារបបនយោបាយ ដែលយើងបានជ្រើសរើសប្រកាន់យកសព្វថ្ងៃនេះ ដោយគូរភាគីជម្លោះនៅកម្ពុជា ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា គឺជាតួអង្គ សំខាន់ដែលប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្សនេះ គឺពិតជាត្រឹមត្រូវ សមស្រប ហើយក៏គ្មានរបបនយោបាយណាដែលសមស្រប ជាងនេះនោះទេ ដោយសារនៅក្នុងប្រវត្តិសាស្ត្រយើង ក្នុងរយៈពេលបើយើងគិតពីឆ្នាំ១៩៥៣ មកទល់ឆ្នាំ២០០២នេះមានប្រមាណជិត៧០ឆ្នាំ របបនយោបាយយើងបានឆ្លងកាត់ច្រើនណាស់ ប៉ុន្តែកម្ពុជាយើងមិនបានសុខទេ មិនមានសន្តិភាពេញលេញទេ ហើយបើមិនបានសុខ មិនមានសន្តិភាពទេ យើងពិតជាគ្មានឱកាស ដើម្បីនិងកសាងជីវភាពរស់នៅរបស់យើងទេ អភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទេ អញ្ចឹងហើយកត្តាគន្លឹះដើម្បីយើងមានការអភិវឌ្ឍន៍ នោះកត្តាសន្តិភាព ស្ថិរភាពនយោបាយ គឺជាកត្តាកំណត។ ទន្ទឹមនេះ សព្វថ្ងៃយើងដឹងទាំងអស់គ្នាថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការប្រែប្រួល រីកចម្រើន ដែលស្ថិតក្នុងប្រទេសមានចំណូលមធ្យមកម្រិតទាប នេះជាមោទភាពរបស់យើងពីព្រោះថា ប្រសិនជាយើងគ្មានសន្តិភាពទេនោះមិនមានការអភិវឌ្ឍន៍បានឡើយ។

សម្តេចស ខេង មានប្រសាសន៍ រំលឹក និងសំណូមពរ ដល់ឯកឧត្តម អស់លោក លោកស្រី លោកឧកញ៉ា និងអង្គពិធីទាំងមូលយកចិត្តទុកដាក់រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារនូវសន្តិភាពឲ្យបានដាច់ខាត បើទោះបីជាត្រូវលះបង់ដោយតម្លៃ ណាក៏ដោយ ពីព្រោះថា យើងបានឆ្លង កាត់ការលំបាក និងពុះពារឧបសគ្គច្រើនណាស់ ទំរាំតែទទួលបានសន្តិភាព ដូចសព្វថ្ងៃ។ យើងទាំងអស់គ្នាប្តេជ្ញារួមគ្នាត្រូវយកជ័យជំនះអោយបានពីរក្នុងពេលតែមួយ ជ័យជំនះទី១ ដែលយើងត្រូវការនោះ គឺជ័យជំនះសម្រាប់គណបក្សប្រជាជនឈ្នះឆ្នោត ជ័យជំនះទី២ គឺដោយសារគណបក្សយើង រដ្ឋាភិបាលយើងជាអ្នកគ្រប់គ្រង់ប្រទេស អញ្ចឹងហើយការចាត់តាំងការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា នោះក៏ជាជោគជ័យមួយទៀត របស់គណបក្សប្រជាជនផង ហើយរបស់ប្រទេសជាតិផង កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិវានិងលើកកម្ពស់ នៅពេលនោះឯង៕SRP