ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជាសម្ដេចតេជោហ៊ុន សែន នៅថ្ងៃនេះ ប្រកាសថា៖ កម្ពុជាមិនអាចលុបការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលធ្វើដំណើរមកចូលប្រទេសកម្ពុជាដែលមិនបានចាក់វ៉ាក់សាំងនោះឡើយ។ សម្តេចតេជោបានបញ្ជាក់ថា បើសិនជាមានការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ពីក្រៅប្រទេស គឺវាប្រៀបដូចលើកទឹកចិត្តសម្រាប់មនុស្សដែលមិនបានចាក់វ៉ាក់សាំង។
សម្តេចហ៊ុន សែន ប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅថ្ងៃអង្គារ នេះ នៅសាលពិព័រណ៍ជ្រោយចង្វា។
សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងងាយនោះទេ ជាពិសេសក្នុងការប្រមូលមនុស្សមកចូលរួមលើសមរភូមិនៃសត្រូវឥតស្រមោលនេះ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជនបានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងជាច្រើន បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធជំងឺកូវីដ-១៩នេះ។
ជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងចៃដន្យនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា បញ្ហានេះជំងឺកូវីដ-១៩នេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា បានកែប្រែទស្សនៈលើក្រុមគ្រូពេទ្យ ដែលកន្លងមកចោទថាក្រុមគ្រូពេទ្យកម្ពុជាល្អតែ១០%ប៉ុណ្ណោះ តែពេលនេះ ប្រជាពលរដ្ឋបានចាត់ទុកក្រុមគ្រូពេទ្យជាកងទ័ពអាវស ដ៏អង់អាចក្លាហានក្នុងការសង្គ្រោះជីវិតមនុស្ស។
សម្តេចតេជោបានលើកឡើងថា ការបណ្តុះបណ្តាលវិស័យសុខាភិបាល ពិតជាមានការពិបាក និងមិនអាចធ្វើដូចវិស័យអប់រំ ដែលយកអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកអត់ចេះសោះនោះទេ តែវិស័យសុខាភិបាលមិនអាចធ្វើដូចច្នេះបានឡើយ៕SRP

