ខេត្តកំពង់ចាម៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ ការថែរក្សាសុខសន្តិភាព គឺអាស្រ័យលើ កត្តា ២យ៉ាងសំខាន់គឺ៖ ទី១.គឺកត្តាអ្នកដឹកនាំ៖ ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំបានត្រឹមត្រូវ គឺសំខាន់ណាស់ ពីព្រោះការជ្រើសរើសខុសនោះ នឹងនាំឲ្យមានផលប៉ះពាល់ ដល់សមិទ្ធិផលជាតិទាំងមូល ពោលគឺ មិនត្រឹមតែគ្មានការអភិវឌ្ឍបន្ថែមទៀតនោះទេ ប៉ុន្តែ សមិទ្ធិផលដែលខិតខំកសាងយ៉ាងលំបាក ដែលមានស្រាប់មកហើយនោះ ក៏អាចនឹងរលាយបាត់បង់ទៅវិញផងដែរ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថាសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំ ប្រកបដោយធម៌ យុត្តិធម៌ គុណធម៌ មិនរត់ចោលប្រជាពលរដ្ឋ ក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវ ចំពោះ វាសនាអនាគតជាតិ និងប្រជាជន ជាពិសេស ទស្សនវិស័យ នៃការអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនរុងរឿង។ និងទី២.គឺ កត្តាប្រជាពលរដ្ឋ ៖ ដែលចូលរួមនៅក្នុងការថែរក្សាការពារសុខសន្តិភាព ឲ្យបានស្ថិតស្ថេរចៀសវាងជឿតាមការអូសទាញ ទៅក្នុងសកម្មភាពណាមួយ ដែលអាចបំផ្លាញសុខសន្តិភាព ព្រោះថា ដំណើរដ៏វែងឆ្ងាយ នៃការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងរយៈកាលជាង ៤០ឆ្នាំ កន្លងមកនេះ ក៏មិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែកមិនអាចខ្វះបាន របស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្នុងការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឲ្យទៅសាលារៀន ដើម្បីឲ្យពួកគាត់ក្លាយខ្លួនទៅជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ ស្រឡាញ់សន្តិភាព និងស្មារតីទទួលខុសត្រូវ លើជោគវាសនាខ្លួន ព្រមទាំងក្រុមគ្រួសារ និងសង្គមជាតិ តាមរយៈ ការខិតខំបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ តាមតួនាទីរៀងៗខ្លួន។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា ការថែរក្សាសុខសន្តិភាព គឺអាស្រ័យលើកត្តា អ្នកដឹកនាំ និងប្រជាពលរដ្ឋក្នុងមជ្ឈដ្ឋានផងដេរ។
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថ្លែងយ៉ាងដូច្នេះ
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ ចំនួន៤២ខ្សែ ប្រវែង ៣១.៩១៧ម៉ែត្រ នៅក្នុងក្រុងកំពង់ចាម នៅថ្ងៃព្រហស្បតិ៍នេះ។
បេីតាមរបាយការណ៍ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា សមិទ្ធិផលផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ ដែលកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ពេលនេះ មាន៖ ១.ផ្លូវនៅក្នុងសង្កាត់បឹងកុក មានចំនួន ២៥ខែ្ស ប្រវែង ១១.៣៨៨ម៉ែត្រ។ ២.ផ្លូវនៅក្នុងសង្កាត់សំបួរមាស មានចំនួន ៨ខ្សែ ប្រវែង១៥.៣៧៥ម៉ែត្រ។ ៣.ផ្លូវនៅសង្កាត់វាលវង់ ចំនួន ៥ខ្សែ ប្រវែង ៣.០៨៦ម៉ែត្រ។ និង៤.ផ្លូវនៅសង្កាត់កំពង់ចាម ចំនួន ៣ខ្សែ មានប្រវែង ១.៤០០ម៉ែត្រ៕SRP

