ខេត្តបាត់ដំបង៖ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ចំនួន៥៨២ គ្រួសារ ដែលរស់ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង នៅផ្សារទំនើបភួ ពុយ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកសុខ លូ អភិបាលខេត្តបានថ្លែងប្រាប់ពលរដ្ឋថា៖ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោត ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ។
លោក សុខ លូ បានមានប្រសាសន៍ផ្ដាំផ្ញើប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព ដោយការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ព្រមទាំងរៀបចំសំអាតបរិស្ថាន សណ្ដាប់ធ្នាប់ជុំវិញផ្ទះសំបែងឲ្យបានស្អាតជានិច្ច។
លោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង។ លោកថាបើសិនជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣រយៈពេល៤-៥ខែហើយ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤បន្តទៀត នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅជិតផ្ទះប្រជាពលរដ្ឋរស់នៅ៕SRP

