អភិបាលខេត្តបាត់ដំបង ណែនាំឲ្យដាក់ទង់ជាតិ ទង់សាសនា និងរៀបចំប៉ាដាពាក្យស្លោក និងពុទ្ធឱវាទរបស់ព្រះពុទ្ធ នៅតាមទីសាធារណៈ

0

ខេត្តបាត់ដំបង៖លោក សុខ លូ បានថ្លែងណែនាំដល់ក្រុមការងារ រៀបចំការដាក់ទង់ជាតិ ទង់សាសនា និងរៀបចំប៉ាដាពាក្យស្លោក និងពុទ្ធឱវាទរបស់ព្រះពុទ្ធ នៅតាមទីសាធារណៈ ដើមឈើនានា នៅក្នុងក្រុង សម្រាប់ឲ្យពុទ្ធបរិស័ទមានការយល់ដឹងបន្ថែមទៀត អំពីពុទ្ធឱវាទទូន្មានល្អៗ របស់ព្រះពុទ្ធ ដែលបានប្រៀនប្រដៅដល់មនុស្សលោក។

លោក សុខ លូ ក៏បានមានប្រសាសន៍ណែនាំដល់ក្រុមការងារទាំងអស់ ត្រូវរៀបចំសមាសភាព សម្រាប់មន្ទីរអង្គភាពជុំវិញខេត្ត ចូលលរួមឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលរៀបចំក្បួនសម្រាប់ធ្វើការដង្ហែ និងត្រូវមានអ្នកទទួលខុសត្រូវតាមផែននីមួយៗ ក៏ដូចជាត្រូវមានការរៀបចំក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះឲ្យបានហើយស្រេច ដើម្បីត្រៀមលក្ខណៈក្នុងការមានការសង្រ្គោះបឋម ពេលកំពុងដង្ហែរក្បួនវិសាខបូជា។

លោក បានមានប្រសាសន៍ ដល់ពុទ្ធបរិស័ទទាំងអស់ ដែលមានសទ្ធាជ្រះថ្លា ចង់ចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលក្នុងនោះមានការដង្ហែក្បួន លោក ស្វាគមន៍ជានិច្ចដល់ពុទ្ធបរិស័ទដែលមានបំណងចូលរួមក្នុងពិធីនេះ ឲ្យកាន់តែមានភាពអធិកអធមក្រៃលែង ដែលឆ្នាំនេះ ជាឆ្នាំដំបូងក្នុងការដំណើរការហែក្បួនបុណ្យវិសាខបូជានេះ បន្ទាប់ពីមានការអាក់ខានអស់រយៈពេលជាង២ឆ្នាំ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ដោយឡែកនៅឆ្នាំនេះ ដោយសារតែគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ-១៩ បានសម្រេចជោគជ័យ ស្របពេលដែលរាជរដ្ឋាភិបាលសម្រេច ឲ្យមានការរៀបចំពិធីបុណ្យធំៗផ្សេងៗទៀត ដែលអនុញ្ញាតដល់រដ្ឋបាលខេត្តបាត់ដំបង អាចដំណើរការរៀបចំពិធីបុណ្យវិសាខបូជា នាពេលខាងមុខនេះបាន។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃព្រហស្បតិ៍នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្នុងការរៀបចំពិធីបុណ្យវិសាខបូជា និងដង្ហែក្បួនទៅតាមផែនទាំងបី ១.ផែនប្រសូត ២.ផែនត្រាស់ដឹង ៣.ផែនបរិនិព្វាន និងពិធីរាប់បាត្រព្រះសង្ឃចំនួន ១,០៦៦អង្គ ដែលនឹងធ្វើការរៀបចំនៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕SRP