សិស្សពីរនាក់ ឌុបគ្នាដើរលេង ទាស់សម្ដីគ្នា ខាងប្រុស ទាញយកដំបងឈើវាយប៉ងសម្លាប់ចោល ព្រោះខឹងនាងយំ

0

ខេត្តសៀមរាប៖សិស្សប្រុសម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកបន្ទាយស្រី ឃាត់ខ្លួនក្រោយទទួលបានពាក្យបណ្ដឹង ពីឪពុករបស់ជនរងគ្រោះ។

លោកសៀក សោ ភា នាយការិយាល័យ ព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ នៃបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានថ្លែងប្រាប់ សៀមរាបប៉ុស្ដិ៍ នៅព្រលប់ថ្ងៃទី ១១ ខែឧសភានេះ ថា នៅវេលាម៉ោង ១៦និង៤០នទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ មានករណី៖ ប៉ុនម៉ងឃាតកម្ម នៅចំណុចចំការស្វាយ ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ជនបង្កដោយឈ្មោះ ដៀម វិសាល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួលក្រឡាញ់ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ប. ម.ល ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជនរងគ្រោះ មានរបួសនៅ ជុំវិញកញ្ចឹងក និងហើមស្មារផ្នែកខាងស្នាំ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប (ដោយស្ថានភាពរបួសធ្ងន់ធ្ងរ មិនអាចសួរនាំបាន) ។

លោក សៀក សោភា បន្តថាក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា នៅវេលាម៉ោងប្រហែលជា១៤ជាង ថ្ងៃទី១០ ម្សិលមិញ រូបខ្លួន ជិះម៉ូតូឌុប ជនរងគ្រោះ ជាសង្សាដើរលេង បន្ទាប់មក បានឌុបមកផ្ទះ ដោយមកតាមផ្លូវ សង្សាយំ ក្រោយមកគេអោយរូបគេឈប់ម៉ូតូ ហើយបានលួងនាង តែនាងមិនស្តាប់ ហើយរូបគេក៏បានលើកជនរងគ្រោះ ដាក់ម៉ូតូ ពីរទៅបីដងជនរងគ្រោះ នៅតែមិនព្រមឡើងជិះម៉ូតូទៅជាមួយខ្លួនទេ ទើបរូបគេខឹងនាងខ្លាំង ក៏ទាញដំបងនៅក្បែនោះ វាយទៅលើជនរងគ្រោះ ចំកញ្ចឹងក បណ្ដាលឲ្យដួលទៅលើដី បន្ទាប់មករូបខ្លួនបានដោះអាវដៃវែងពណ៌ខៀវ មករឹតកជនរងគ្រោះបន្ថែមទៀត ពេលនោះជនរងគ្រោះបានស្រែកហើយរើបម្រាស់ខ្លាំង រូបខ្លួនភ័យក៏បានជិះម៉ូតូគេចខ្លួនមកផ្ទះ។

ករណីនេះដកហូត
វត្ថុតាង៖១• ដំបងឈើ១ប្រវែង០១•៥៤ សម
២• អាវដៃវែងក្រណាត់ពណ៏ខៀវ០១
៣• ស្បែកជើង១គូ
៤• មួកពណ៏ខ្មៅ០១
៥• ម៉ូតូហុងដាខ្មៅ១២៥ មួយ១គ្រឿង

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យទៅអយ្យការសាលាដំបូងខេត្តសៀមរាប៕SRP