លោក សុខ លូ៖ សម្រាប់ខេត្តបាត់ដំបង បញ្ហាមន្ត្រីទំនើងមិនទាន់កើតមាន នៅតាមស្ថាប័នមន្ទីរណាមួយនៅឡើយទេ

0

ខេត្តបាត់ដំបង៖លោកសុខ លូ បានថ្លែងបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង បញ្ហាមន្ត្រីទំនើងមិនទាន់កើតមាននៅតាមស្ថាប័ន មន្ទីរណាមួយនៅឡើយទេ ដែលនេះគឺជាចំណុចល្អមួយសម្រាប់មន្ត្រីយើងទាំងអស់គ្នា ខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបម្រើប្រជាពលរដ្ឋ ដោយទទួលខុសត្រូវខ្ពស់។

លោក សុខ លូ ក៏បានណែនាំដល់មន្រ្ដីរាជការទាំងអស់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវមានទំនាក់ទំនងល្អ ជាមួយអ្នកដទៃ ដើម្បីធ្វើឲ្យដំណើរការ នៃការធ្វើការ ប្រកបដោយរលូន និងជាពិសេសបន្តការគោរពវិន័យអង្គភាព ពង្រឹងសមត្ថភាពរបស់ខ្លួន ទាំងបច្ចេកទេស និងភាសាឲ្យកាន់តែខ្លាំងជាលំដាប់។

លោកសុខ លូ បានមានប្រសាសន៍ ណែនាំបន្ថែមដល់មន្ត្រីរាជការ នៃមន្ទីរចំនួន៣ខាងលើ ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្តបាត់ដំបង ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងត្រូវធ្វើការងារឱ្យបានសម្រេចជោគជ័យ ទើបយើងខ្លាំង ហើយត្រូវចៀសឱ្យបានការធ្វើជាមន្ត្រីទំនើង ព្រោះការធ្វើជាមន្ត្រីទំនើងនោះមិនបានយូរឡើយ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងសាលប្រជុំអាគារE សាលាខេត្តបាត់ដំបង នារសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងពីធីប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការ ចំណុះក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពចំនួន៣ រួមមាន មន្ទីរព័ត៌មាន មន្ទីរផែនការខេត្ត និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត៕SRP