អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវពលរដ្ឋ ឲ្យបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា

0

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះ ជាបន្តទៀត នៅក្នុងការដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី ៥ មិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

ការថ្លែងអំពាវនាវបែបនេះ ក្នុងឱកាស សួរសុខទុក្ខ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំអំពិលតាពក និងក្រុមគ្រូពេទ្យបំពេញការងារចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅមណ្ឌលសុខភាពអំពិលតាពក ស្ថិតក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ នៅថ្ងៃព្រហស្បតិ៍នេះ។

លោកក៏បានសម្ដែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកអូរាំងឪ ទាំងមូល ដែលបានយកចិត្តទុកដាក់យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បានចូលរួមបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ រួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អ ក្នុងការអនុវត្តគោល នយោបាយ អភិវឌ្ឍន៍ឃុំ ក្នុងអាណត្តីទី៤ កន្លងមក ទទួលបានលទ្ធផលការងារល្អប្រសើរ ដែលទទួលបានការគាំទ្រពេញចិត្តពីប្រជាជន សប្បាយរីករាយនឹងសមិទ្ធផលថ្មីៗជាច្រើន និងមានជីវភាពរស់នៅកាន់តែប្រសើរ។​

លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍​ផងដែរ​៕SRP