លោក សុខ លូ៖ បញ្ហាសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវការចូលរួម និងមានឆន្ទៈទាំងអស់គ្នា ទើបក្រុងយើងគ្មានសំរាម

0

ខេត្តបាត់ដំបង៖ក្នុងពីធីប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការ ចំណុះក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពចំនួន៣ រួមមាន មន្ទីរព័ត៌មាន មន្ទីរផែនការខេត្ត និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត នៅក្នុងសាលប្រជុំអាគារE សាលាខេត្តបាត់ដំបង នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ

លោក សុខ លូ អភិបាលខេត្ត បានថ្លែងថា៖ បញ្ហាសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវការចូលរួម និងមានឆន្ទៈទាំងអស់គ្នា ទើបក្រុងយើងគ្មានសំរាម ដោយផ្តើមចេញពីបុគ្គលខ្លួនឯងផ្ទាល់ ក្នុងនោះ មន្ត្រីរាជការនៅតាមមន្ទីរនានា ត្រូវជួយផ្សព្វផ្សាយ អនុវត្តទាំងអស់គ្នាថែមទៀតផង ទើបធ្វើឱ្យទីក្រុងរបស់យើង កាន់តែមានទេសចរចូលមកកម្សាន្តច្រើន ហើយសេដ្ឋកិច្ចជាតិក៏មានការរីកចម្រើនផងដែរ។

ជុំវិញអំពីបញ្ហាបរិស្ថាន លោក សុខ លូ ក៏បានលើកឡើងទៀតថា ដើម្បីឱ្យទីក្រុងបាត់ដំបង កាន់តែមានភាពស្អាត ក្នុងការឆ្លើយតបតាមគោលដៅទេសចរណ៍ ពិសេសបន្តយកពានរង្វាន់ជាទីក្រុងស្អាត របស់ ប្រទេសកម្ពុជា ក៏ដូចជាទីក្រុងស្អាតរបស់ អាស៊ាន ដែលក្រុងបាត់ដំបង ធ្លាប់ទទួលបានពានរង្វាន់ កន្លងមកនោះ គឺត្រូវរួមគ្នាគិតគូរពីបញ្ហាសំរាម ឱ្យអស់នៅតាមដងផ្លូវនានា ក៏ដូចជានៅតាមដងស្ទឹងជាដើម។ លោកថា ក្នុងនោះមន្ត្រីរាជការតាមមន្ទីរនានា ត្រូវមានភាពស្អាត នៅទីតាំងអង្គភាពរបស់ខ្លួនជាមុនសិន ទាំងការសម្អាត អនាម័យ ទាំងការសម្អាត បន្ទប់អនាម័យ ដែលនេះគឺជាគំរូសម្រាប់ឈានទៅធ្វើការអនុវត្តនៅតាមទីសាធារណៈ៕SRP