ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានថ្លែងប្រាប់ប្រជាពលរដ្ឋថា៖ ដល់រដូវភ្លៀងធ្លាក់ហើយ ផ្សិតក៏ដុះច្រើនដែរ ដូច្នេះសូមពុកម៉ែបងប្អូន ត្រូវគិតឲ្យបានច្បាស់លាស់ មុននឹងជ្រើសរើសយកមកធ្វើម្ហូប ប្រយ័ត្នប៉ះចំផ្សិតពុល នាំឲ្យគ្រោះថ្នាក់ដល់សុខភាព។
លោកបញ្ជាក់បែបនេះ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំរកាគយ ស្រុកកងមាស ចំនួន៣៦៧នាក់ នៅថ្ងៃព្រហស្បតិ៍នេះ។
លោកបន្តថា ការដែលបងប្អូនជ្រេីសរេីស យកគណបក្សប្រជាជនកម្ពុជា នៅពេលនេះគឺពិតជាត្រឹមត្រូវណាស់ ព្រោះគណបក្សនេះបានរំដោះ និងការពារអាយុជីវិតប្រជាជន ព្រមទាំងនាំមកនូវ សុខ សន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។
លោកអ៊ុន ចាន់ដា ក៏បានថ្លែងនូវគោលនយោបាយ សំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង ដោយប្រមូលកម្លាំងគ្រប់និន្នាការ នយោបាយរួបរួមគ្នា កសាងប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនឡើង សំបូររុងរឿងស្ថិតស្ថេរគង់វង្ស ឲ្យប្រទេសយើងដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព នឹងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។
គួរបញ្ជាក់ថា សមាជិកថ្មី ចំនួន៣៦៧នាក់ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឃុំរកាគយ ស្រុកកងមាស ក្នុងនោះសាខាគណបក្សភូមិរកាគយ (ក) ចំនួន២៩នាក់ សាខាគណបក្សភូមិរកាគយ (ខ) ចំនួន៥៨នាក់ សាខាគណបក្សភូមិថ្មី (ក)ចំនួន១៣៦នាក់ និងសាខាគណបក្សភូមិថ្មី (ខ)ចំនួន១៤៤នាក់៕SRP

