បង់លុយហើយយំមិនចេញ! «អ្នកទិញគម្រោងផ្ទះល្វែង លី ហាំងសេង» នៅក្រុងសៀមរាប

0

ខេត្តសៀមរាប៖ពលរដ្ឋខ្លះ​រស់​នៅ​ក្នុងក្រុង​សៀមរាប និង​អ្នក​ខ្លះ​រស់​នៅ​រាជធានីភ្នំពេញ ចំនួន៨គ្រួសារ បានសម្តែង​នូវ​ការ​ខកចិត្ត​ស្ទើរ​យំមិនចេញ ក្រោយពីបានបង់លុយ​ទិញផ្ទះ​ល្វែង​ បែបអាជីវកម្ម​ របស់​លោក លី ហាំងសេង ដែលមួយ​ល្វែង​មានតម្លៃ​រហូត​ទៅ​ដល់ជិត៣០ម៉ឺនដុល្លារ តែមិនទទួលបានប្លង់កាន់កាប់ ខណៈ​សំណង់​នោះសាងសង់ក៏​មិនរួចរាល់ទៀត។

ទីតាំងគម្រោងផ្ទះល្វែង លី ហាំងសេង មានទីតាំងស្ថិត​នៅ​ភូមិ​ជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។«លោក លី ហាំងសេង ម្ចាស់គម្រោងដែលរងការចោទប្រកាន់»

យោងតាមប្រភពពីអ្នកទិញ បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ខ្លះបានបង់ប្រាក់ចំនួន៥០ភាគរយ ហើយ​ខ្លះទៀត៧០ ភាគរយ និងមានអ្នកដែលបង់​ផ្តាច់១០០ភាគ​រយថែមទៀត ប៉ុន្តែគិត​ពីពេលដែលបានបង់ប្រាក់ទិញ​តាំងពីដើមឆ្នាំ​២០២០ មក​ទល់ពេលនេះ មានរយៈពេល​ប្រមាណ២ឆ្នាំទៅហើយ ផ្ទះ​នោះ​ធ្វើ​មិនទាន់រួចរាល់ ដោយ​បានត្រឹមតែចាក់ជាសរសេរ និង​ប្លង់សេប៉ុណ្ណោះ ខណៈដែលប្លង់ផ្ទេរ​កម្មសិទ្ធិ ក៏​លោក លី ហាំងសេង ដែលជាម្ចាស់គម្រោង ក៏​មិនបានកាត់ឲ្យ​ពួក​គាត់ទៀត។

ប្រភពបន្តថា តាមកិច្ចសន្យា​ទិញលក់ផ្ទះ ដែលបានផ្តិតមេដៃកាលពីខែមករា ឆ្នាំ​២០២០ និង​ដែលយើងទទួលបាន បានបញ្ជាក់យ៉ាងច្បាស់ថា៖ នៅ​ពេលភាគីអ្នកទិញទូទាត់ប្រាក់ដំណាក់កាលទី១រួច ពោលគឺប្រាក់៣០ភាគរយ នៃតម្លៃផ្ទះ ភាគីអ្នកលក់ ត្រូវ​ចាប់ផ្តើម​ធ្វើ​បែបបទ​ចុះបញ្ជី​ផ្ទេសិទ្ធិ ផ្ទះ និង​ដី ដែលបានលក់​នោះ​ទៅ​ឲ្យ​ភាគីអ្នកទិញ​ស្របទៅតាមច្បាប់។ ហើយ​ត្រូវ​សាងសង់ផ្ទះឲ្យចប់សព្វ​គ្រប់​ ១០០ភាគរយ ក្នុងរយៈពេល ១៨ខែ ដោយ​គិតចាប់ពីថ្ងៃចុះកិច្ចសន្យាតទៅ។កិច្ចសន្យាក៏បានលើកឡើងដែរថា ក្នុងករណីអ្នកលក់ផ្ទះ សាងសង់ផ្ទះមិនទាន់ពេលវេលា​ តាមការ​កំណត់ទេ គឺភាគីអ្នកលក់ ត្រូវទូទាត់​សងការ​ខូចខាត​ឲ្យ​ភាគីអ្នកទិញ។ ជាមួយ​គ្នានេះ ប្រសិនបើ​ភាគីអ្នកលក់ ឈប់លក់ផ្ទះ ឬ​បំពេញ​កាតព្វកិច្ច​តាមកិច្ចសន្យា​មិនបាន គឺភាគីអ្នកលក់ត្រូវទូទាត់​សងប្រាក់​ដែលបានទទួល​ពីភាគីអ្នកទិញ​ទាំងប៉ុន្មាន ក្នុងចំនួន​មួយ​ទ្វេរជាពីរ​ដងឲ្យ​ទៅភាគីអ្នកទិញវិញ។

ជុំវិញការលើកឡើងបែបនេះ អង្គភាពសៀមរាបប៉ុស្តិ៍ នៅ​មិន​ទាន់ទទួលបានការបំភ្លឺពីលោក លី ហាំងសេង បាននៅឡើយទេនៅរសៀលថ្ងៃនេះ៕SRP