ខេត្តសៀមរាប៖បុរសជាងម៉ូតូម្នាក់បានដេកស្លាប់ក្រោយពីបានផឹកស្រាអស់ចំនួន៥កំប៉ុង។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទី ត្រូវនិងថ្ងៃទី២៦ខែ មេសាឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះក្នុងបន្ទប់ស្ថិតនៅក្រុមទី១០ភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប។
ជនរងគ្រោះមានឈ្មោះ សិទ្ធ ស្រេង អាយុ ២៥ មុខរបរជាងម៉ូតូ ស្នាក់នៅក្រុមទី១០ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
យោងតាមការបំភ្លឺពីស្ត្រីជាប្រពន្ធ ឈ្មោះ រី សោភា ភេទស្រី អាយុ២០ឆ្នាំស្នាក់នៅក្រុមទី១០ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង;ខេត្តសៀមរាប បានបំភ្លឺថា នៅក្នុងឆ្នាំ២០២០ នាងខ្ញុំ បានរៀបការជាមួយប្ដីនាងខ្ញុំឈ្មោះសិទ្ធ ស្រេង ក្រោយរៀបការហើយគាត់បានមករស់នៅជាមួយខ្ញុំនៅភូមិឃុំខាងលើ។កន្លងមកក្នុងការរស់នៅប្ដី របស់នាងខ្ញុំ មិនដែលមានជំងឺអ្វីទេ ហើយនាក់នៅជិតខាងវិញ ប្ដីរបស់នាងខ្ញុំមិនដែលមានទំនាស់ពាក្យសម្ដីជាមួយអ្នកណាដែរ។
ស្ត្រីជាប្រពន្ធ បន្តថានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៩:៣០នាទី ប្ដីរបស់នាងខ្ញុំបានអង្គុយផឹកស្រា ជាមួយពូឈ្មោះមុន គឹមធី ភេទប្រុសហើយប្ដីរបស់ខ្ញុំ បានផឹកស្រាអស់៣កំប៉ុង ក៏ឈប់ផឹកហើយដើរទៅផ្ទះរបស់បងឈ្មោះបាន ភេទប្រុសហើយផឹកនៅទីនោះអស់២កំប៉ុងទៀត រហូតដល់វេលាម៉ោង២៣:០០នាទី ប្ដីរបស់នាងខ្ញុំបានត្រលប់មកផ្ទះវិញ ហើយបានហូបបាយធម្មតា ហើយបានចូលងងូតទឹករួចហើយបានចូលដេកក្នុងបន្ទប់ជុំគ្នាក៏ដេកលក់ទៅ។ លុះដល់វេលាម៉ោង០៥:៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ពេលនោះមានគេតេមកហើយខ្ញុំបានលើកទូរស័ព្ទ ហើយគេប្រាប់ថាយាយខាងប្ដីរបស់នាងខ្ញុំស្លាប់នៅស្រុក។ ពេលនោះខ្ញុំបានដាស់ប្ដីប្រាប់តែគាត់អត់ដឹងខ្លួន ហើយខ្ញុំបានស្ដាប់មើលបេះដូង តែមិនដើរពេលនោះបានហៅម៉ែនិងបងអោយជួយធ្វើចលនា តែមិនដឹងខ្លួនហើយបានហៅពេទ្យមកពេទ្យក៏បានប្រាប់ថាប្ដីរបស់នាងខ្ញុំស្លាប់បាត់ហើយ។
តាមការពិនិត្យសាកសព៖ -ផ្នែកក្បាល: ដងខ្លួន និង អវយវៈទាំងអស់ ពុំមានស្លាកស្នាម អ្វីពាក់ព័ន្ធ និងបទល្មេីសព្រហ្មទ័ណ្ឌទេ។ ការសន្និដ្ឋាន ផ្អែកតាមលោកគ្រូពេទ្យកោសល្យវិច័យ មិនទាន់បានបញ្ជាក់ថា ពុំទាន់ដឹងមូលហេតុ នៃការស្លាប់ដោយសារអ្វីនោះទេ (រងចាំការពិនិត្យទឹកនោមសពពីគ្រូពេទ្យកោសល្យវិច័យបង្អែកខេត្តសៀមរាប)៕SRP

