ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា នេះពិតជាឱកាសដ៏ល្អសម្រាប់ បងប្អូនប្រជាកសិករ តំណាងសហគមន៍កសិកម្ម ក្នុងការទទួលបានព័ត៌មាន ពីការផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលដំណាក់កាលទី ២ ដែលជាប្រាក់កម្ចីយកអត្ត្រាការប្រាក់ទាប ដើម្បីជាប្រយោជន៍ ក្នុងការពង្រឹងអាជីវកម្ម និងពង្រីកការងារកសិកម្មក្នុងសហគមន៍របស់ខ្លួន។
លោក អ៊ុន ចាន់ដា ក៏បានផ្ដាំផ្ញើដល់អភិបាលស្រុកទាំងអស់ ដែលបានចូលរួមសូមយកព័ត៌មាននេះ ជួយផ្សព្វផ្សាយ បន្តដល់កសិករ នៅក្នុងសហគមន៍ តាមមូលដ្ឋានរបស់ខ្លួនផងដែរ។
លោកលើកឡើងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី ២ ដល់កសិករ និងតំណាងសហគមន៍ កសិកម្មនៅចន្ទម្សិលមិញ។
នៅក្នុងកិច្ចប្រជុំ លោក កែវ ថាច ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងថា ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលដំណាក់កាលទី ២ គឺមានទឹកប្រាក់ចំនួន ៥០ លានដុល្លារ ប្រើប្រាស់ក្នុងក្របខណ្ឌស្ដារ សេដ្ឋកិច្ចឡើងវិញ ក្រោយពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ ពោលគឺជាឥណទាន មួយជួយជំរុញនាំមុខ ក្នុងវិស័យកសិកម្មផ្សេងៗ ក្នុងនោះ លើវិស័យ៤ បូក៣មានដូចជា៖
*ទី១ ៖ ពាក់ព័ន្ធការដាំដុះបន្លែផ្លែឈើ។
*ទី២ ៖ ការចិញ្ចឹមសត្វ ។
*ទី៣ ៖ កាងារវ៉ារីវប្បកម្ម ។
*ទី៤ ៖ ការកែច្នៃផលិតផលកសិកម្ម ។
ចំណែក ៣ទៀតនោះទាក់ទងទៅនឹងផលដំណាំអាចនាំចេញក្រៅប្រទេស មានដូចជា៖
*ទី១ ៖ គឺផលដំណាំស្វាយចន្ទី ។
*ទី២ ៖ គឺផ្លែស្វាយកែវល្មៀត ។
*ទី៣ ៖ ផ្លែមានខេត្តប៉ៃលិន ឬ ហៅផ្លែតាង៉ែន។
លោក កែវ ថាច បានបញ្ជាក់ថា មុខសញ្ញាផ្លែឈើទាំងបីប្រភេទខាងលើនេះ ជាដំណាំយុទ្ធសាស្ត្រ សម្រាប់ចូលរួមអនុវត្តធ្វើការនាំចេញតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដែលប្រទេសកម្ពុជាយើង បានចុះកិច្ចព្រមព្រៀង ជាមួយប្រទេសចិនរួចហើយ ដើម្បីអនុវត្តនាំចេញនូវផលដំណាំទាំងនោះ៕SRP

