ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានរងរបួសធ្ងន់និងពីរនាក់ទៀតរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកខ្សាច់ ២គ្រឿងបុកគ្នា។
ហេតុការណ៍នេះបានកើតឡើង ថ្ងៃអង្គារទី ២៦ ខែមេសា ឆ្នាំ ២០២២ នៅវេលាម៉ោង៧និង៥០នាទី ស្ថិតនៅចំណុចភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីទី១ រថយន្តម៉ាក អ៉ីយ៉ានដាយ គូសូ ពណ៌ស ពាក់ស្លាកលេខ សៀមរាប ៣A២៨៧៥ ដឹកខ្សាច់ បើកបរដោយឈ្មោះ វង្ស វ៉ុន ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិអូរឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសស្រាល) មានទិសដៅពីកើតទៅលិច បានបុកនឹងរថយន្ត អ៉ីយ៉ានដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ ៣F០៦៦០ បើកបរដោយឈ្មោះផា សុភឿត ភេទប្រុសអាយុ ២២ ឆ្នាំ មានទីលំនៅនៅភូមិទួលតាហោ ឃុំអូររាំងឪ ស្រុកអូររាំងឪ ខេត្តកំពង់ចាម (របួសធ្ងន់) មានទិសដៅពីលិចទៅកើត និងព្រូម្នាក់រងរបួសស្រាល។
របាយការណ៍បានបន្តថា ក្នុងហេតុការណ៍នេះបណ្ដាលឲ្យខូចខាតរថយន្តចំនួនពីរគ្រឿង នឹងមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។ តាមរបាយការណ៍បានបញ្ជាក់ថា មូលហេតុសង្ស័យរថយន្តពាក់ផ្លាកលេខ ភ្នំពេញ ៣F០៦៦០ បើកបរមិនប្រកាន់ស្ដាំ។
បើទោះបីមានការអះអាងរបស់សមត្ថកិច្ចយ៉ាងនេះក្ដី ភាគីម្ចាស់រថយន្ត ពាក់ផ្លាកលេខភ្នំពេញ ៣F០៦៦០ សុំធ្វើការបដិសេធទាំងស្រុងថា ខាងរថយន្តរបស់គេ មិនបានខុសដូចរបាយការណ៍បញ្ជាក់របស់សមត្ថកិច្ចនោះឡើយ។ ដោយលោក អះអាងថា ខាងរថយន្តម៉ាក អ៉ីយ៉ានដាយ គូសូ ពណ៌ស ពាក់ស្លាកលេខ សៀមរាប ៣A២៨៧៥ បើកមកបុករថយន្តរបស់លោកទាំងកំរោល បណ្ដាលឲ្យតៃកុងខាងរថយន្តរបស់លោក បានរងរបួសធ្ងន់បាក់ជើង ហើយព្រូម្នាក់របួសផងដែរ៕SRP

