ខេត្តសៀមរាប៖លោក ណៅ ធួក បានលើកឡើងថាក្នុងរដូវបិទនេសាទ រដ្ឋបាល ជលផល អនុញ្ញាតចំពោះ ការនេសាទជាលក្ខណៈគ្រួសារ ដូចជា មង និង សន្ទូច តែប៉ុណ្ណោះ។
លោកក៏បានផ្តាំផ្ញើ ក្រុមការងារតាមដានបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប កម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ មិនត្រូវធ្វេសប្រហែលឡើយ ដែលជាពិសេសនៅរដូវបិទនេសាទដែលនឹងចូលមកដល់នៅខែកក្កដាខាងមុខនេះ។
លោក ណៅ ធួក បានលើកឡើងថា រាល់ឧបករណ៍នេសាទដែលខុសច្បាប់ ក្រុមការងារត្រូវធ្វើការដកហូត ឬកម្ទេចចោល តែចំពោះការប្រើប្រាស់ឧបករណ៍នេសាទ ស្របតាមការកំណត់ របស់រដ្ឋបាលជលផល តែលើសពីការកំណត់ប្រវែង ក៏ត្រូវធ្វើការដកហូតផងដែរ។
លោកណៅ ធួក ក៏បានធ្វើការសាទរ រដ្ឋបាលខេត្តសៀមរាប ក្នុងការរៀបចំក្រុមការងារនីមួយៗត្រូវបានដឹកនាំដោយអភិបាលរងខេត្តម្នាក់ ដើម្បីពិនិត្យនិងតាមដានបទល្មើសព្រៃលិចទឹក នៅតាមបណ្តាក្រុងស្រុកទាំង៦របស់ខេត្តសៀមរាប ដែលជាប់ដែនបឹងទន្លេសាប បានធ្វើឲ្យបទល្មើសនេសាទមានការថយចុះគួរឲ្យកត់សម្គាល់។
លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំស្តីពីលទ្ធផល យុទ្ធនាការចុះបង្រ្កាបបទល្មើសនេសាទនិងព្រៃឈើ ខេត្តសៀមរាប
នៅថ្ងៃទី ចន្ទនេះ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាប ក្រៅពីតំបន់ប្រាសាទ នៅមានភ្នំគូលែន និងបឹងទន្លេសាប ដែលយើងត្រូវរួមគ្នាអភិក្សការពារឲ្យបានល្អប្រសើរ។
លោក ទៀ សីហា បន្តថា ក្រៅពីកិច្ចអភិវឌ្ឍន៍ខេត្ត គណៈបញ្ជាការឯកភាពខេត្តសៀមរាប ត្រូវបន្តពង្រឹងការដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ម៉ឺងម៉ាត់ ប្រសិទ្ធភាព និរន្តរភាព និងសុខសន្តិភាព ត្រូវបាលរដ្ឋបាលខេត្តសៀមរាប កងកម្លាំងសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន បានអនុវត្ត បានចាត់វិធានការមួយចំនួនក្នុងការបង្ក្រាបទល្មើសជលផល។
បើតាមប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ទា គឹមសុទ្ធ បានបញ្ជាក់ថា ក្នុងរយៈពេល០៤ខែដើមឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាបក្នុងទឹកដីខេត្តសៀមរាប បានចំនួន៥៣ករណី ចាប់ខ្លួនមនុស្ស០៤នាក់ ខណៈ១១នាក់ទៀតកំពុងត្រូវបានតុលាការកោះហៅឲ្យចូលខ្លួន៕SRP

