លោក ហ៊ុន ម៉ាណែត៖ សុខសន្តិភាព បានផ្តល់នូវឱកាស ឲ្យសប្បាយរីករាយ

0

លោកហ៊ុន ម៉ាណែត បានថ្លែងថាសុខសន្តិភាពនេះហើយ ដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ ជាពិសេសការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗ។

លោក ហ៊ុន ម៉ាណែត ក៏ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលបន្តកើតមានទ្បើងនៅក្នុងទីអារាម ដែលមានចំណាស់ជាង៣០០ឆ្នាំ ក្រោមដំណើរឆ្លងកាត់ដំណាក់កាលទ្បើងចុះជាច្រើននៃប្រវត្តិអតីតកាល។ សំខាន់នៅក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ ឆ្នាំកន្លមកនេះ ប្រទេសជាតិយើងមានលំនឹងស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាមនេះ ក៏ដូចជាក្នុងខេត្តកំពត និងទូទាំងប្រទេស។

លោកបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញលេញ សម្រាប់ជូនប្រជាពលរដ្ឋ រួមមានទាំង “សន្តិភាពផ្លូវកាយ” គឺការការពារមិនឱ្យមានការវិលត្រលប់មកវិញនូវស្ថានការណ៍សង្គ្រាម ដូចធ្លាប់កើតមាននាខែមេសា ឆ្នាំ១៩៧៥ ដែលបានបង្កនូវមហាវិនាសកម្មកាប់សម្លាប់អាយុជីវិត ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញគ្រប់ហេដ្ឋរចនាសម្ព័ន្ធជាតិ។ “សន្តិភាពផ្លូវចិត្ត” គឺការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ក្នុងការរស់នៅប្រកបដោយក្តីសង្ឃឹម។ សម្តេចតែងបានគិតគូរ ជាប់ជាប្រចាំអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរ ប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។

លោកហ៊ុន ម៉ាណែត ប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត នៅចន្ទនេះ។

លោកហ៊ុន ម៉ាណែត បានប្រកាសថ្លែងអំណរគុណដល់ក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ដែលជានិច្ចជាកាល តែងបានយកចិត្តទុកដាក់ អនុវត្តភារកិច្ចបម្រើប្រជាពលរដ្ឋ ជាប់ជាប្រចាំ រួមទាំងការចុះសួរសុខទុក្ខ និងស្វែងយល់ផ្ទាល់ពីស្ថានភាពនៅមូលដ្ឋាន ដែលនេះគឺជាកាតព្វកិច្ចចម្បង និងជាការផ្សាភ្ជាប់មួយយ៉ាងសំខាន់ រវាងរាស្ត្រជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើរាស្ត្រ និងសូមលើកទឹកចិត្តឱ្យបន្តការងារ ដ៏ពិសិដ្ឋនេះរឹតតែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីឱ្យសក្តិសមនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានផ្តល់ជូន៕SRP