ខេត្តព្រះសីហនុ៖មានការលើកឡើងថា លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ បានបើកដៃឲ្យក្រុមឈ្មួញទាំងធំទាំងតូច នៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមិនមានការបង្ក្រាប។ នេះបើតាមការឲ្យដឹងពីមន្ត្រីនៅច្រកទំនប់រលក។
មន្ត្រីពាក់ព័ន្ធនៅច្រកទំនប់រលកបានឲ្យដឹងទៀតថា ភាពមិនក្រប្រតី របស់លោក ណុប សំអាន និងលោក ផាត់ សំណាង បានកើតមានជាយូរមកហើយ ដោយសារអាងខ្នងបង្អែក។
ហើយប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ លោកទុំ ណូ បណ្ដោយឲ្យលោក ណុប សំអាន និងលោក ផាត់ សំណាង ធ្វើអ្វីស្រេចតែចិត្ត។ ដោយក្រុមឈ្មួញធំៗជាច្រើននាក់បន្តសកម្មភាពនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញខុសច្បាប់តាមច្រកកំពង់ផែទំនប់រលក យ៉ាងពេញបន្ទុកដោយគ្មានការបង្ក្រាបនោះឡើយ។
ប្រភពបានបន្តថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង់ពន្ធមិនដល់៥០ភាគរយផងទេ។ ហើយក្រៅពីនេះគឺក្រុមឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយ។
ក្នុងតំណែងជាប្រធានការិយាល័យគយច្រកកំពង់ផែទំនប់រលក រយៈពេលច្រើនឆ្នាំកន្លងទៅនេះលោក ណុប សំអាន ល្បីខាងប្រើតួនាទី និងអំណាចប្រមូលលុយ ដាក់ហោប៉ៅ របស់ខ្លួនធ្វើឲ្យមានការខាតបង់ថវិកាចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
ជុំវិញការលើកឡើងបែបនេះ សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបំភ្លឺពីលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP

