អភិបាលខេត្ត​កំពង់ចាម ជំរុញឲ្យយុវជន មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​​ នៅតាម​ទី​វត្តអារាម​ ឬ​កន្លែង​កម្សាន្ត​

0

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានណែនាំមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​​ និង​អាជ្ញាធរ​ក្រុង-ស្រុកទាំងអស់​ ត្រូវ​រៀបចំ​តុបតែង​លម្អ​ដាក់​ចង​បដា​ក្នុង​អត្ថន័យ​​ ទទួលស្វាគមន៍ឆ្នាំថ្មី​ ​ទេពធីតាសង្ក្រាន្ត​ព្រះនាម​ « កិរិណីទេវី »​ នៅតាម​កន្លែង​ធ្វើការ​នីមួយៗ​ ធ្វើ​យ៉ាង​ណា​ឲ្យ​មមានសោភ័ណភាពស្រស់ស្អាត ជាពិសេស​ត្រូវ​ជំរុញ​ដល់​យុវជន​ ឲ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​​ នៅតាម​ទី​វត្តអារាម​ ឬ​កន្លែង​កម្សាន្ត​នានា។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានថ្លែងប្រាប់មន្ត្រីនៅ​តាម​បណ្ដា​ក្រុង​-ស្រុក​នីមួយៗ​ ត្រូវ​មាន​កកម្លាំងប្រចាំបញ្ជា ដេីម្បី​តៀម​អន្តរាគមន៍​នៅ​ពេលដែល​មាន​ហេតុការណ៍​ផ្សេងៗ​ កេីតឡេីង​ជាយថាហេតុ​។ លោកថា ក្រៅពីនោះ​ចំពោះ​មន្ទីរ​អង្គភាព​នីមួយៗ​ ត្រូវ​រៀបចំ​ពិធី​​ជួប​សំណេះសំណាល​ ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ តាម​រយៈ​សិល្បៈ​ចែករំលែក​ ដេីម្បី​ពង្រឹង​សាមគ្គី​ភាព​ផ្ទៃក្នុង​ ឲ្យ​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ផងផងដែ។

លោកថ្លែងបែបនេះ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ចាម​ នៅថ្ងៃចន្ទនេះ​។

អភិបាលខេត្តកំពង់ចាម​ ក៏បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ត្រូវ​ប្រកាន់​ខ្ជាប់​​នូវ​ ភាព​អព្យាក្រឹត​ ក្នុង​ការ​អនុវត្ត​តួនាទី​​ការពារ​​សន្តិសុខ​ សម្រាប់​ការ​បោះឆ្នោត​នាពេល​​ខាងមុខនេះ​​​ ជាពិសេស​ត្រូវ​ផ្តល់​ភាព​សហការ​ ឬបង្ក​លក្ខណៈ​ងាយស្រួល​ ដល់​គណបក្ស​នយោបាយ​នានា​ ក្នុង​ការ​ឃោសនា​ រក​សំឡេង​ឆ្នោត​ ដោយ​គ្មាន​ការ​រេីសអេីង​៕SRP