ភ្នំពេញ៖លោកបូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពប្ដេជ្ញាជូនចំពោះសម្ដេចហ៊ុន សែន ថា ក្នុងបេសកកម្មជាអ្នកការទូតនៅព្រះរាជាណាចក្រកម្ពុជា លោក នឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែកើនឡើងមួយកម្រិតទៀត ឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អដែលមានស្រាប់។
លោក ភូមិវង់សាយ បានគោរពនាំនូវការសួរសុខទុក្ខពីលោមនាយករដ្ឋមន្ត្រី ពីលោកប្រធានាធិបតី ជូនចំពោះសម្ដេចហ៊ុន សែន ហើយក៏បានគោរពថ្លែងអំណរគុណចំពោះប្រជាជន រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 តាមរយៈការឧបត្ថម្ភជាសម្ភារៈ វ៉ាក់សាំង រថយន្តដឹកជញ្ជូនវ៉ាក់សាំង ថែមទាំងថវិកាទៀតផង។
លោក ភូមិវង់សាយ លើកឡើងយ៉ាងដូច្នេះ
នៅថ្ងៃចន្ទ នេះ ក្នុងឱកាស ជួបសម្ដែងការគួរសម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
នៅក្នុងជំនួប សម្តេច ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោក ភូមិវង់សាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេច បានឯកភាពជាមួយការលើកឡើងរបស់ឯកឧត្តម ភូមិវង់សាយ ទាក់ទងនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានមានប្រសាសន៍ថា យើងពិតជាមានទំនាក់ទំនងពិសេស ដោយសារកត្តាប្រវត្តិសាស្ត្របន្សល់ទុកឲ្យយើង បានបន្តរហូតមកដល់ពេលនេះ អនុញ្ញាតឲ្យយើងបន្តពង្រឹងពង្រីកជារៀងរហូតមក ហើយពេលនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងកាន់តែខ្លាំង។
សម្តេចតេជោបានជម្រាបជូន អគ្គរដ្ឋទូត អំពីការអនុញ្ញាតឲ្យមានជម្រើសមិនប្រើម៉ាស នោះគឺខេត្ត៣ នៅជាប់ព្រំប្រទល់ឡាវ មានភាពល្អប្រសើរឡើងវិញ ពីការរីករាលដាលនៃជំងឺកូវីដ19 ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឲ្យលោក ភូមិវង់សាយ ពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងពិនិត្យមើលជំរុញពាណិជ្ជកម្មតាមសក្ដានុពលដទៃទៀត ដែលអាចធ្វើបាន ជាពិសេស ក្នុងកាលៈទេសៈកូវីដ19 នេះ៕SRP

