ខេត្តសៀមរាប៖ឡធ្យូងខុសច្បាប់ ជាង១០០កន្លែង ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើចុះបង្ក្រាប។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ការចុះបង្ក្រាបធ្វើឡើងនៅថ្ងៃទី ០៨និងទី០៩ មេសា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិព្រះធាតុ ក្រាំង ពោធិរីង និងចុងស្ពាននៃឃុំខ្វាវ ស្រុកជីក្រែង។
មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាបបានឲ្យដឹងថាក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះស្រង់ស្ថិតិ និងធ្វើកិច្ចសន្យាឡធ្យូង ដែលប្រើប្រាស់ផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
មន្ត្រីរដ្ឋបាលព្រៃឈើបន្តថាអាជីវកម្ម ឡធ្យូង ទាំងនោះគឺប្រជាពលរដ្ឋ បានធ្វើសកម្មភាពជាយូណាស់មកហើយ។ ក្នុងនោះក្រុមការងារ បានធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពជាមួយម្ចាស់ឡចំនួន៧៦ ដែលមានឡខុសច្បាប់ចំនួន១៤៤ឡ និងបន្តធ្វើកិច្ចសន្យាបន្ថែមទៀត។
បើតាមលោក ម៉ុង ប៊ុនលីម ថា ក្រោយចូលឆ្នាំខាងមុខរួច នឹងចុះធ្វើតាមភូមិនាៗបន្តទៀត។
សូមរំលឹកថាកន្លងមករដ្ឋបាលព្រៃឈើសៀមរាប ក៏បានចុះបិទនិងបង្ក្រាបឡធ្យូងខុសច្បាប់ ជាច្រើនកន្លែងផងដែរ នៅភូមិសាស្ត្រស្រុកស្វាយលើ។ បើតាមមន្ត្រីបានលើកឡើងថាការដុតឡធ្យូងជាអំពើខុសច្បាប់និងបានបំផ្លាញព្រៃឈើចម្រុះយ៉ាងច្រើនក្នុង១ឆ្នាំៗ ជាហេតុនាំឲ្យមានការបាត់បង់ព្រៃឈើទៀតផង៕SRP

