ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមានការចូលរួមដោយសប្បុរសជនក្នុងខេត្ត នៅរសៀលថ្ងៃសុក្រ ម្សិលមិញ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់មន្រ្ដី មន្រ្ដីជាប់កិច្ចសន្យា កុមារ និងយុវជនកំព្រា នៅឯមជ្ឈមណ្ឌលកុមារកំព្រាបាត់ដំបង បុរីទី១ និងបុរីទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដោយក្នុងនោះ
-មជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ មានមន្រ្ដីចំនួន៤នាក់ មន្រ្ដីជាប់កិច្ចសន្យា២៦នាក់ និងកុមារ យុវជន៨៦នាក់
-មជ្ឈមណ្ឌលកុមារកំព្រាបុរីទី២ មានមន្រ្ដី៣នាក់ មន្រ្ដីជាប់កិច្ចសន្យា៧នាក់ និងកុមារ២០នាក់ ។
លោក សុខ លូ បានមានប្រសាសន៍សួរសុខទុក្ខ ដល់មន្រ្ដី មន្រ្ដីជាប់កិច្ចសន្យា បុគ្គលិក និងកុមារទាំងអស់ សូមបន្តក្នុងការថែរក្សាសុខភាពឲ្យបានល្អប្រសើរ និងសូមកោតសរសើរដល់បុគ្កលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រា កន្លងមកនេះ។ លោក បានមានប្រសាសន៍ផ្ដាំផ្ញើដល់កុមារ និងយុវជន ដែលកំពុងទទួលថាថែរក្សាបីបាច់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាទាំងពីរនេះ បន្តក្នុងការខិតខំរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ដើម្បីចាប់យកចំណេះដឹង ឬជំនាញពិតប្រាកដណាមួយ សម្រាប់ខ្លួនឯង អាចចិញ្ចឹមបីបាច់ថែរក្សា រកទទួលទានបានដោយខ្លួន ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃឡើយ និងសូមចៀសឲ្យឆ្ងាយអំពីបញ្ហាអបាយមុខនានា ជាពិសេសគឺគ្រឿងញៀន ដោយមិនត្រូវធ្វើការចង់ដឹង ចង់លឺអ្វីឡើយ សូមគេចឲ្យឆ្ងាយអំពីគ្រឿងញៀន។
ឆ្លៀតក្នុងឱកាសនោះ លោកសុខ លូ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងសម្ភារៈមួយចំនួនដូចជា មី ត្រីខ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអីវ អាលកុល ម៉ាស់ ជែលលាងដៃ សម្ភារៈសិក្សា ច្រាស និងថ្នាំដុសធ្មេញ សាប៊ូ នំ ផងដែរ៕SRP

