ខេត្តបាត់ដំបង៖លោក សុខ លូ បានមានប្រសាសន៍ថា៖ បើសិនបើនៅក្នុងអង្គភាពរបស់ខ្លួនមានអ្នកជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន គឺមិនទុកឲ្យបម្រើការងារជាមន្រ្ដីនគរបាលបន្តទៀតនោះទេ ដូចនេះមេបញ្ជាការត្រូវតែខិតខំសហការ និងដោះស្រាយអំពីបញ្ហានេះ ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន មិនថាក្របខ័ណ្ឌស៊ីវិល ឬកងកម្លាំងឡើយ។ កងកម្លាំងទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ បង្ក្រាបគ្រឿងញៀន ដំបូងគឺបញ្ហាផ្ទៃក្នុងរបស់យើងដោយដាច់ខាតត្រូវគេចឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន តាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកបានបន្តទៀតថា ក្នុងករណីមានភាពមិនប្រក្រតីណាមួយដែលមានការលេចឡើងនៅព្រំដែនរបស់ខ្លួន ត្រូវប្រញាប់រួសរាន់ក្នុងការដោះស្រាយជាបន្ទាន់ ដោយមិនត្រូវបណ្ដែតបណ្ដោយអូសដំណើរឲ្យយូរឡើយ ដើម្បីកុំពិបាកក្នុងការដោះស្រាយខាងមុខទៀត។
លោក សុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ
នៅថ្ងៃសុក្រ ម្សិលមិញ ក្នុងឱកាស ចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក កម្ពុជា-ថៃ នៃស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមចំណែកក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចចូលរួមចំណែកការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ។
លោកបានធ្វើការកោតសរសើរ ដល់កងកម្លាំងទាំងអស់ ក្នុងការចូលរួមជួយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងបានជំរុញដល់ប្រជាពលរដ្ឋឲ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ បូករួមទាំងបានចូលរួមជួយការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ និងចូលរួមជួយក្នុងការនាំយកពលករខុសច្បាប់មកប្រទេសវិញផងដែរ៕SRP

