ភ្នំពេញ៖ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាបន្តចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាន់នូវសីលធម៌យោគយល់អាធ្យាស្រ័យ ក្នុងការបើកបរ។
នៅថ្ងៃពុធនេះ សម្ដេចស ខេង បានរំលឹក ដល់អនុគណៈកម្មការសុវត្ថិភាពចរា ចរណ៍ផ្លូវគោករាជធានី ខេត្តទាំង២៥ ត្រូវបន្តខិតខំទប់ស្កាត់កំណើន គ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវអនុវត្តឲ្យ បានជោគជ័យ តាមទិសដៅការងារឆ្នាំ ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ និងដើម្បីអនុវត្តឲ្យបានជោគជ័យ នូវអនុសាសន៍ណែនាំដ៍ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
សម្តេចស ខេង បានបញ្ជាក់ថា ជាក់ស្តែងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក រាប់សែនក្បាលបានចែកឥតគិតថ្លៃ រួមទាំងខិត្តបណ្ណ បដា ពាក្យ ស្លោកជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងប្រទេស។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅតែមានអ្នកប្រើប្រាស់ផ្លូវមួយចំនួន មិនបានយកចិត្តទុកដាក់ទទួលយកការអប់រំផ្សព្វផ្សាយនេះ រីឯមួយចំនួនទៀត បានយល់ដឹងច្បាប់ហើយ តែបានបំពានច្បាប់ បង្កកំហុស ឫគ្រោះថ្នាក់ពេលបើកបរ។
សម្ដេច ស ខេង ថា កាលនៅឆ្នាំ២០១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍ យ៉ាងគំហុកបានបណ្តាល ឲ្យស្លាប់ប្រជាពលរដ្ឋជិត២០០០នាក់ និងរបួសជាង៦០០០នាក់ ដែលជាការបាត់បង់ឬជាសោកនាដកម្មដ៍ធំធេង របស់ប្រទេសយើង ក្នុងស្ថានភាពដែលយានយន្ត មានកំណើនខ្ពស់ផងដែរ។ សម្ដេចថា ប្រឈមនឹងស្ថានភាពអវិជ្ជមាននេះ នៅឆ្នាំ២០២០ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកំណត់ យកគោលការណ៍ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាអាទិភាព ជំនួសការអប់រំផ្សព្វផ្សាយច្បាប់វិញសំដៅកាត់បន្ថយគ្រោះថ្នាក់ និងធ្វើឲ្យប្រសើរឡើងនូវសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក។ បន្ទាប់ពីរឹតបន្តឹងច្បាប់អស់រយៈ ២ឆ្នាំ (២០២០ និង២០២១)ចំនួនអ្នកស្លាប់ និងរបួសបានថយចុះគួរឲ្យកត់សម្គាល់។ នៅឆ្នាំ២០២១ ចំនួនស្លាប់ថយមកត្រឹម ១៤៩៧នាក់ ចំនួនរបួសបានថយមកត្រឹម៣៦១៥នាក់។ គឺរយៈពេល២ឆ្នាំនេះយើងបានសង្គ្រោះជីវិតប្រជាពល រដ្ឋរួចផុតពីសេចក្តីស្លាប់ប្រមាណ៨០០ នាក់ និងផុតពីរងរបួសចំនួនប្រមាណ ៣០០០ នាក់។
បើតាម សម្ដេច ស ខេង ថា រាល់ថ្ងៃចំនួនអ្នកស្លាប់ជា មធ្យម នៅតែមានចំនួន៥នាក់ និងរបួស១០នាក់ និងកំពុងកើនឡើងជាថ្មីទៀតនាត្រីមាសទី១ ឆ្នាំ២០២២នេះ នៅក្នុងពេលដែលគ្រោះថ្នាក់សង្គមផ្សេងទៀត ដូចជា គ្រាប់មីន ជម្ងឺអេដស៍ ឫជម្ងឺកូវីដ១៩ កំពុងថយចុះយ៉ាងខ្លាំង៕SRP

