ភ្នំពេញ៖សម្តេចស ខេង បានមានប្រសាសន៍ថាផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ជាផែនការដ៏មានសារសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសលើការងារគ្រប់គ្រង ទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាបែបទំនើបនិងការប្រើប្រាស់ទិន្នន័យ អត្តសញ្ញាណកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ការលើកឡើង របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ នេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្រាអត្តសញ្ញាណកម្ម ហៅកាត់ គ.ជ.ដ.អ លើកទី៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្តេចស ខេង បន្តថា ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម នៅតែជាកិច្ចការអទិភាពខ្ពស់ដដែល សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃនីតិកាលរដ្ឋសភា ដោយសារប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ នេះជាឆ្អឹងខ្នងនៃប្រព័ន្ធផ្តល់សេវាទាំងអស់ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ហើយជាកិច្ចការដែលកម្ពុជាត្រូវចូលរួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
យោងតាមរបាយការណ៍របស់ លោកកង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ ការងារអត្តសញ្ញាណកម្មបានផ្តោតលើការងារចម្បងពីរ គឺការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ដោយឡែក ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សំដៅដល់ការប្រើប្រាស់ទិន្នន័យ អត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានា ជូនប្រជាពលរដ្ឋ ដូចជាការផ្តល់សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន ការចុះឈ្មោះចូលរៀន ការចុះបញ្ជីកម្មសិទ្ធិដីធ្លី ផ្ទះសម្បែង យានយន្ត និងការចុះបញ្ជីអាជីវកម្មជាដើម។
លោកបន្តថាឆ្នាំ២០២១ ជាឆ្នាំទី៥នៃការអនុវត្តផែនយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម (ឆ្នាំ២០១៧-២០២៦) និងជាឆ្នាំដែលកម្ពុជាបានទទួលរងនូវផលប៉ះពាល់នៃវិបត្តជំងឺកូវីដ១៩ ដែលបានបណ្តាលឱ្យជួបប្រទះបញ្ហាប្រឈមមួយចំនួន។ បែបនេះក្តីលោកអះអាងថាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានខិតខំបំពេញភារកិច្ចនិងបានសម្រេចបាននូវវឌ្ឍនភាពការងារសំខាន់ៗបានយ៉ាងច្រើន។
លោកក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន ព្រមទាំងបានលើកឡើងនូវទិសដៅការងារដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មព្យាយាមសម្រេចឱ្យបាននៅឆ្នាំបន្តបន្ទាប់។
សម្តេច ស ខេង ក៏បានអនុញ្ញាតជូនលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម ធ្វើសេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម ចាប់តាំងពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ រហូតដល់ការបញ្ចប់សេចក្តីព្រាង និងការប្រជុំឆ្លងជាបន្តបន្ទាប់។
សម្តេចស ខេង បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តនូវការងារខាងលើឱ្យទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក និងបានណែនាំដល់លេខាធិការដ្ឋាន គ.ជ.ដ.អ រៀបចំកំណត់ហេតុសង្ខេបស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៥ នេះ សម្រាប់ជូនទៅស្ថាប័នពាក់ព័ន្ធ យកអនុវត្តបន្ត ព្រមទាំងបានជំរុញក្រុមការងារបន្តស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីជួយគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រខាងលើផងដែរ៕SRP

