ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខា បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងអនុសាខាសមាគមនៅតាមបណ្តាក្រុង-ស្រុក ដែលមានកិច្ចសហការគ្នាល្អ ហើយបានបំពេញការងារមនុស្សធម៌ ជាច្រើន ជួយដល់សង្គមកន្លងមក ជាពិសេសគឺនៅតាមបណ្តាវត្តអារាមទូទាំងខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានបន្តថា ថ្វីត្បិតតែសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ទើបតែបង្កើតឡើងបានជាងមួយឆ្នាំក៏ពិតមែន ប៉ុន្តែសមាគមមួយនេះ បាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌ ជាច្រើននៅតាមមូលដ្ឋាន ដែលជាការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។
លោក អ៊ុនចាន់ដា បានបញ្ជាក់ថា សមាគមនេះ បានបង្កើតឡើងដំបូងតាំង ពីឆ្នាំ១៩៩៩ ដែលជាគំនិតផ្តួចផ្តើម របស់សម្តេចហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំអតីតក្មេងវត្ត និងអ្នកមានសទ្ធាជ្រះថ្លាចំពោះ ព្រះពុទ្ធសាសនា រួមជាកម្លាំងសាមគ្គីគ្នា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ ថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងជួយលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋហើយសម្តេចតេជោ ក៏ជាអតីតក្មេងវត្តដែរ ហេតុនេះ លោកមិនដែលភ្លេចវត្តអារាមឡើយ លោកតែងតែលើកតម្កើង និងជួយទំនុកបម្រុងជាហូរហែ មានតែ ពួក ប៉ុល ពត ទេដែលបានបំផ្លាញលុបបំបាត់ចោល ព្រះពុទ្ធសាសនានោះ។
លោក អ៊ុន ចាន់ដា បានធ្វើការផ្តាំផ្ញើចំពោះថ្នាក់ដឹកនាំសាខាសមាគមទាំងអស់ ត្រូវបន្តពង្រឹង និងពង្រីក រចនាសម្ព័ន្ធចាត់តាំងឱ្យកាន់តែល្អប្រសើរ តាំងពីថ្នាក់ខេត្តរហូត ដល់ថ្នាក់ក្រុង-ស្រុក និងបន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ពិសេសនៅតាមបណ្តាវត្តអារាម ព្រមទាំងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត។ ជាពិសេសត្រូវធ្វើការទំនាក់ទំនងសហការល្អជាមួយអង្គការសមាគមដទៃទៀត ដូចជា ក្រុមការ ងារយុវជនគណបក្សខេត្ត សសយក សមាគមនារី យុវជនស្រលាញ់សន្តិភាព ព្រះមេគណ ព្រះគ្រូ អនុគណក្រុង/ស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ និងអាជ្ញាធរមូលដ្ឋានផងដែរ៕SRP

