អភិបាលខេត្តបាត់ដំបង ប្រាប់ពលរដ្ឋ ឲ្យជួយទប់ស្កាត់ ការនេសាទខុសច្បាប់

0

ខេត្តបាត់ដំបង៖ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងងាយរងគ្រោះចំនួន ១៨៩គ្រួសារ មកពីឃុំកោះជីវាំង និងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបងនៅរសៀលថ្ងៃអាទិត្យនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ និងជួយទប់ស្កាត់ការនេសាទខុសច្បាប់ និងការធ្វើជំរឿនឧបករណ៍នេសាទ ក្នុងករណីរកឃើញថា មានឧបករណ៍នេសាទដែលខុសច្បាប់ គឺសមត្ថកិច្ចត្រូវតែដកហូត។

លោកក៏បាន សំណូមពរឲ្យប្រជាពលរដ្ឋ បើបានជួបបទល្មើសនេសាទ សូមទាក់ទង និងផ្តល់ព័ត៌មានមកអាជ្ញាធរភូមិ ឃុំ និងសមត្ថកិច្ចជំនាញដើម្បីអនុវត្តទៅតាមច្បាប់។

លោកក៏បានបន្តជំរុញឲ្យប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងដូសទី២រួចហើយ សូមរួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣បន្តទៀត ព្រោះថាដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យ នៃការស្លាប់ដោយមេរោគកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មីអូរមីក្រុង បាននឹងកំពុងផ្ទុះឆ្លងបន្តមកតាមបណ្តាខេត្ត បើមិនមានការចូលរួមអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវនោះទេ៕SRP