ខេត្តបាត់ដំបង៖លោកសុខ លូ បានព្រមានមន្រ្ដីដែលពាក់ព័ន្ធ បទល្មើសនេសាទ ឲ្យប្រញាប់ដកខ្លួនចេញជាបន្ទាន់។
លោកសុខ លូ បានសង្កត់ធ្ងន់ទៅដល់មន្រ្ដីណាដែលមានការពាក់ព័ន្ធ ទៅនឹងបទល្មើស ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ និងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយមិនត្រូវធ្វើគេចវេសឡើយ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងច្បាប់ដោយមិនត្រូវមានការលើកលែងជាដាច់ខាត។
លោកបានបន្ថែមទៀតថា ត្រូវពិនិត្យមើលបញ្ជីឈ្មោះអ្នកដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវកសាងសំណុំរឿងរួចបញ្ជូនទៅតុលាកា ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងនោះឡើយ។
លោកក៏ជំរុញឲ្យប្រជាពលរដ្ឋ និងសហគមន៍ បើបានជួបបទល្មើសនេសាទ សូមទាក់ទង និងផ្តល់ព័ត៌មានតាមរយៈលេខ Hotline របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានលេខ ០១២ ៩៩ ៥៦ ៦៥/០១២ ៨៧១ ០៧១ ផងដែរ។
លោកសុខ លូ ក៏បានណែនាំ និងជំរុញដល់ អភិបាលស្រុក មន្រ្ដីជំនាញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែប្ដេជ្ញាចូលរួមសហការឲ្យបាន ក្នុងការទប់ស្កាត់បទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបនៅក្នុងភូមិសាស្រ្ដនេះ ក្នុងករណីមានបទល្មើសនេសាទ មិនថាទ្រង់ទ្រាយធំ ឬតូច ត្រូវតែធ្វើការទប់ស្កាត់ ដើម្បីរក្សានូវពូជមច្ឆជាតិនៅក្នុងបឹងទន្លេសាបកុំឲ្យបាត់បង់។
លោកសុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយក្រុមការងារ កងកម្លាំង មន្ទីរ អង្គភាពពាក់ព័ន្ធ មន្រ្តីជំនាញពាក់ព័ន្ធប្រជាពលរដ្ឋ និងសហគមន៍ និងចុះពិនិត្យស្ថានភាព ការពង្រឹងការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្រ្ត ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅអាទិត្យនេះ។
លោសុខ លូ បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ឱ្យលុបបំបាត់បទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ នៅបឹងទន្លេសាប ជាពិសេសក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្នុងនាមអាជ្ញាធរខត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រកាន់ជំហរ និងប្តេជ្ញា ក្នុងការសហការបង្ក្រាបបទល្មើសនេសាទ ហើយមកដល់ពេលនេះគឺឈប់លើកលែង និងអប់រំទៀតហើយ សម្រាប់អ្នកដែលមានការពាក់ព័ន្ធនឹងបទល្មើសនេសាទ ដូចជាការឃុបឃិត យកលុយ យកកាក់ជាដើម។
លោកបានបន្តទៀតថា ឱ្យមានការបង្កើតទីបញ្ជាការស្រាលមួយសម្រាប់អនុវត្តការគ្រប់គ្រង និងបង្ក្រាបបទល្មើសនេសាទនេះ ហើយបន្តផ្សព្វផ្សាយ និងចុះធ្វើជំរឿនឧបករណ៍នេសាទជាមួយប្រជាពលរដ្ឋ ក្នុងករណីរកឃើញថាមានឧបករណ៍នេសាទដែលខុសច្បាប់គឺសមត្ថកិច្ចត្រូវតែដកហូតតែម្ដង៕SRP

