ខេត្តសៀមរាប៖អាជ្ញាធរថ្នាក់ជាតិ បានសម្រេចជ្រើសរើសយក ឃុំកំពង់ភ្លុក ជាទីតាំងស្រាវជ្រាវ បង្ក្រាបបទល្មើសជលផល។
ការសម្រេចជ្រើសរើសយប់ឃុំកំពង់ភ្លុក ជាទីតាំងឈរជើងរបស់សមត្ថកិច្ចដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនេះគឺ នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ម្សិលមិញ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានឲ្យដឹងថា ដោយមានការសម្របសម្រួលពី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ និងលោក សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:បញ្ជាការឯកភាពខេត្តសៀមរាប ដែលមានកម្លាំងសរុបចំនួន ៧០នាក់ និងទូកចំនួន ៧គ្រឿង បានចុះពិនិត្យស្ថានភាពបទល្មើសជលផល និងកំណត់ទីតាំងបញ្ជាការឈរជើង របស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដើម្បីស្រាវជ្រាវ តាមដាន ត្រួតពិនិត្យជាប្រចាំនូវសកម្មភាពបទល្មើសជលផល។
លោកវេង សាខុន បន្តថា បន្ទាប់ពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួង-ស្ថាប័នបានសម្រេចជ្រើសរើស ទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ស្ថិតនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកវេង សាខុន បញ្ជាក់ថាសារៈសំខាន់នៃទីតាំងឈរជើងនេះគឺ អាចចល័តកម្លាំងជួយអន្តរាគមន៍ដល់ភូមិសាស្រ្តខេត្តសៀមរាប ខេត្តបាត់ដំបង និងមួយផ្នែកនៃខេត្តពោធិ៍សាត់បានយ៉ាងងាយស្រួល និងទាន់សភាពការ។ ក្នុងបេសកកម្មនេះ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ក៏បានរឹបអូសទូក ១គ្រឿង និងឧបករណ៍នេសាទម៉ាញ់ ១វង់ ដែលជនល្មើសបានលាក់បង្កប់ក្នុងទឹកនៅចំណុចចុងឃ្នាសផងដែរ៕SRP

