ខេត្តពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថាសកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីងមាន ស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍ រីកចំរើនឥតឈប់ឈរ តាមរយៈការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ឲ្យបានគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍន៍ ជាពិសេសការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ថ្លែងបែបនេះក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចុះពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ លេីកទី២ នៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅថ្ងៃអាទិត្យនេះ។
លោក អ៊ុន ចាន់ដា បានថ្លែងថា ក្រៅពីការអភិវឌ្ឍន៍កសាងនូវហេដ្ឋារចនាសម្ពន្ធ័ អាជ្ញាធរយើងបានយកចិត្តទុកដាក់គិតគូរចំពោះសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការចុះពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃដល់មូលដ្ឋាន ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
លោក អ៊ុន ចាន់ដា បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម សរុបចំនួន២៨នាក់ ដោយមានការគាំទ្រពីលោក ហ៊ុន ម៉ានិត ចុះពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ ដេីម្បីជាការចូលរួមកាត់បន្ថយការចំណាយរបស់បងប្អូន នៅពេលដែលមានជម្ងឺឈឺថ្កាត់ ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាទៅមន្ទីរពេទ្យរដ្ឋ និងឃ្លីនីចឯកជន ពោលគឺការពិនិត្យព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយអ្វីឡេីយ។
លោក អ៊ុន ចាន់ដា ក៏បានលេីកឡេីងថា ក្នុងដំណាក់កាលចុងក្រោយនេះ គឺមានការផ្ទុះឡេីងនូវរលកថ្មី នៃវីរុសប្រភេទអូមេក្រុង ដែលឆ្លងខ្លាំង ប៉ុន្តែពុំមានអ្នកស្លាប់បាត់បង់ជីវិតទេ ព្រោះប្រជាពលរដ្ឋយើង បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ឬដូសជម្រុញគ្រប់ចំនួនទេនោះ សូមអញ្ជើញមកទទួលឲ្យបានគ្រប់ៗគ្នា ផងដែរ៕SRP

