អាយស៊ីស៊ី-អង្គរ ប្រកាសបន្តអាណត្តិការងារ ជួយអភិរក្ស រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ១០ឆ្នាំទៀត

0

ខេត្តសៀមរាប៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានមោទកភាព ដែលគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា  ICC-Angkor ប្រកាសបន្តអាណត្តិការងារជួយអភិរក្ស រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ១០ឆ្នាំទៀ។

បង្ហាញចំណាប់អារម្មណ៍នៅក្នុង សន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី២៨ របស់អាយស៊ីស៊ី-អង្គរ (ICC Angkor ) ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប កាលពីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា  បានលើកឡើងថា លោកជំទាវផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា  ពិតជាមានមោទកភាពយ៉ាងខ្លាំង ដែលអាយស៊ីស៊ី-អង្គរ (ICC-Angkor) ប្រកាសបន្តអាណត្តិការងារ រយៈពេល១០ឆ្នាំទៅមុខទៀត ដើម្បីជួយអភិរក្សប្រាសាទបុរាណខ្មែរ។
លោកជំទាវបន្តលើកឡើងទៀតថា សមិទ្ធិផលថ្មីនេះ អាចសម្រេចទៅបាន ដោយសាររាជរដ្ឋាភិបាលកម្ពុជា អ្នកជំនាញអន្តរជាតិ និងភាគីពាក់ព័ន្ធនៃអាយស៊ីស៊ី-អង្គរ (ICC Angkor) បានធ្វើការ ហើយបង្កើតបាននូវទំនុកចិត្តរួមគ្នាជាធ្លុងគ្នាមួយ។ កត្តាសំខាន់មួយទៀត ដែលបណ្តាលឱ្យទទួលបានលទ្ធផលប្រកបដោយមោទកភាពនេះ គឺដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ បង្កបានលក្ខណៈងាយស្រួល សម្រាប់កិច្ចការពារ អភិរក្ស និងថែរក្សាប្រាសាទបុរាណ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនានារបស់កម្ពុជា។

ដោយឡែក តំណាងជាន់ខ្ពស់នៃអាយស៊ីស៊ី-អង្គរ (ICC Angkor )  បានពន្យល់បន្ថែមថា  ការសម្រេចបន្តអាណត្តិការងារ សម្រាប់រយៈពេល១០ ឆ្នាំទៅមុខទៀតនេះ   គឺដើម្បីបន្តជួយការងារអភិរក្ស ជួសជុល  និងអភិវឌ្ឍរមណីយដ្ឋានអង្គរ ឱ្យ នៅជាគំរូមួយ សម្រាប់ប្រទេសជាច្រើនផ្សេងទៀតនៅក្នុងពិភពលោក ដែលមានលក្ខខណ្ឌប្រហាក់ប្រហែលនឹងកម្ពុជា។

ទន្ទឹមគ្នានេះ លោក Jacques PELLET និង លោក  MIKAMI Masahiro សហប្រធានបារាំង-ជប៉ុន បានមានប្រសាសន៍បន្តថា  បច្ចុប្បន្ន  អាយស៊ីស៊ី-អង្គរ (ICC-Angkor)   សង្កេតឃើញថា  អ្នកបច្ចេកទេសកម្ពុជា កាន់តែមានសមត្ថភាព និងជំនាញច្បាស់លាស់ លើការងារជួសជុល ការពារ និងអភិរក្សប្រាសាទ បុរាណរួចហើយ។ ប៉ុន្តែ បើទោះបីជាយ៉ាងណាក៏ដោយ ការងារអភិរក្ស និងអភិវឌ្ឍន៍មួយចំនួនទៀត នៅត្រូវការ ការផ្តល់អនុសាសន៍បច្ចេកទេសកម្រិតខ្ពស់នៅឡើយពីអ្នកជំនាញការ Ad Hoc អន្តរជាតិ ហើយដែលនេះក៏ជាមូលហេតុដែលអាយស៊ីស៊ី-អង្គរ (ICC-Angkor) សម្រេចចិត្តបន្តអាណត្តិរបស់ខ្លួនរយៈពេល១០ឆ្នាំទៅមុខទៀត ក្នុងគោលដៅជួយពង្រឹងសមត្ថភាពដល់អ្នកបច្ចេកទេសកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាទីបញ្ចប់ អាយស៊ីស៊ី-អង្គរ (ICC- Angkor) បញ្ជាក់ជូនថា  សម្រាប់រយៈពេល៣០ឆ្នាំកន្លងមកនេះ  អាយស៊ីស៊ី-អង្គរ (ICC-Angkor) តាមរយៈការដឹកនាំរបស់សហប្រធានបារាំង  និងជប៉ុន និងក្រោមកិច្ចសហការយ៉ាងជិតស្និទ របស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគម្រោងអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ បានច្រើន ជាង១០០ គម្រោង ក្នុងនោះបានចំណាយថវិកា ប្រមាណជាង៦០០លានដុល្លារ។
ថវិកាទាំងអស់នេះ គឺបានមកពីការខំប្រឹងប្រែងរបស់អង្គការ UNESCO អាយស៊ីស៊ី-អង្គរ (ICC-Angkor) តាមរយៈក្រុមអ្នកជំនាញការ ADHOC អន្តរជាតិ ជាសេនាធិការ អំពាវនាវកៀរគរពីប្រទេសម្ចាស់ជំនួយជាច្រើន ដែលចាប់អារម្មណ៍ទៅលើការងារជួសជុល អភិរក្ស និងថែរក្សាប្រាសាទនានា  ក្នុងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ឱ្យនៅស្ថិតស្ថិរគង់វង្សតទៅទៀត៕SRP