ខេត្តបាត់ដំបង៖លោកសុខ លូ បានធ្វើការណែនាំដល់អភិបាលក្រុង ស្រុកទាំង១៤ ធ្វើការរៀបចំវេទិកាសាធារណៈ នៅតាមភូមិ ឃុំ សង្កាត់របស់ខ្លួន និងត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យហ៊ានបញ្ចេញមតិ យោបល់របស់ខ្លួន ចំពោះបញ្ហាដែលខ្លួនជួបប្រទះ ដោយមិនត្រូវភ័យខ្លាចឡើយ ដើម្បីយកធ្វើការកែតម្រូវ ពង្រឹងផ្នែកបម្រើសេវាសាធារណៈ និងអាចធ្វើការដោះស្រាយបានជូនភ្លាមៗ ក្នុងករណីដែលអាចដោះស្រាយបាន។ ក្នុងនោះលោក ក៏បានធ្វើការណែនាំដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដើម្បីពិនិត្យមើលចាត់ចែងចំពោះជនវិកលចរិក ជនមានសតិបញ្ញាមិនប្រក្រតី ឬជនអាណាថា ជនញៀនថ្នាំ ដែលកំពុងតែអាណាធិបតេយ្យនៅក្នុងក្រុង ហើយត្រូវយកពួកគាត់ទៅព្យាបាល ឬបញ្ជូនគាត់ទៅកន្លែងដែលមានសុវត្ថិភាពដល់ពួកគាត់ ដោយមិនអាចធ្វើការបណ្ដែតបណ្ដោយ ឲ្យមានជនទាំងនេះ បង្កភាពអាណាធិបតេយ្យនៅតាមទីសាធារណៈឡើយ។
លោកសុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងយ៉ាងដូច្នេះ ក្នុងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ នៅរសៀលថ្ងៃសុក្រ ម្សិលមិញ។
លោកសុខ លូ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើបញ្ហាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចៀសវាងការឆ្លងជាសហគមន៍ ធ្ងន់ធ្ងរនូវជំងឺកូវីដ ពិសេសកូវីដ ប្រភេទអូមីក្រុង ដូចនេះត្រូវពន្លឿនការចាក់វ៉ាក់សាំងកូវីដ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។
លោកក៏បានធ្វើការណែនាំដល់អភិបាលក្រុងស្រុកទាំង១៤ក្នុងខេត្ត ត្រូវធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយសុខភាព ដើម្បីរួមគ្នាទប់ស្កាត់ និងបង្កាការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងថ្មី អូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវធ្វើការរៀបចំឧបករណ៍រំពងសម្លេង នៅតាមម៉ូតូ ឬរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗ ហើយត្រូវធ្វើការចុះផ្សព្វផ្សាយគ្រប់គោល ដៅនៅក្នុងភូមិ ឃុំ សង្កាត់តែម្ដង៕SRP

