លោកហ៊ុន​ ម៉ាណែត​៖ ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាង ដែលមាន សម្តេចតេជោ ជាអ្នកដឹកនាំ ប្រទេសប្រកបដោយចក្ខុវិស័យខ្ពស់

លោកហ៊ុន​ ម៉ាណែត​៖ ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាង ដែលមាន សម្តេចតេជោ ជាអ្នកដឹកនាំ ប្រទេសប្រកបដោយចក្ខុវិស័យខ្ពស់

ខេត្តកំពង់ចាម៖លោកហ៊ុន​ ម៉ាណែត​ បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាងដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំ ប្រទេសប្រកបដោយចក្ខុវិស័យខ្ពស់ ហើយដែលបំណងប្រាថ្នាដ៏ធំបំផុតរបស់ សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើ ការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា ក៏ដូចជាសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ដោយសម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ព្រមទាំងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។

លោកហ៊ុន ម៉ាណែត អគ្គម បញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក​ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញ​សម្ពោធ​ផ្លូវ​ជាង​២០គីឡូម៉ែត្រ​ ​ និង​បេីក​ការដ្ឋាន​សាងសង់​ស្ពាន​ ៩កន្លែង​ នៅ​ស្រុកស្រីសន្ធរ​ នៅថ្ងៃទី១៧ ខែមីនា ម្សិលមិញ។

លោកហ៊ុន​ ម៉ាណែត​​ បានថ្លែងថា​ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជនដែលមានក្រុមហ៊ុនប៉េង ហួត គ្រុប និងក្រុមហ៊ុន បុរីអង្គរ ភែលេស ចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។

បេីតាម​សេចក្តី​រាយការណ៍​របស់​​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានឲ្យដឹងថា​ ចំពោះ​វិស័យកសិកម្មនៅក្នុងខេត្ត ក៏កំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹង ការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាការផលិតសម្រាប់បម្រើឲ្យការនាំចេញ។ ដោយប្រជាពលរដ្ឋចេះប្រើប្រាស់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ការធ្វើស្រូវមួយឆ្នាំ២ ទៅ៣ដង ហើយផលិតកម្មកសិកម្មភាគច្រើនប្រើប្រាស់គ្រឿងចក្រ។ ចំពោះបណ្តាញអគ្គិសនី បានភ្ជាប់ឲ្យប្រើប្រាស់ ចំនួន ៩១៤លើ ៩២៣ភូមិ ស្មើនឹង ៩៩,០២% ចំណែកវិស័យទឹកស្អាត ក្នុងខេត្ត កំពង់ចាម ក៏មានវិសាលភាពគ្របដណ្តប់នៅទូទាំងខេត្តបានចំនួន ១០៧ លើ១០៩ឃុំ-សង្កាត់ ស្មើនឹង ៩៨,១៦% និងភូមិចំនួន ៨៧០ភូមិ លើ ៩២៣ភូមិ ស្មើនឹង ៩៤,២៥% ផងដែរ​៕SRP