លោកសុខ លូ ណែនាំដល់មន្ត្រីទូទាំងខេត្តបាត់ដំបង បន្តផ្សព្វផ្សាយ និងអប់រំ ពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

លោកសុខ លូ ណែនាំដល់មន្ត្រីទូទាំងខេត្តបាត់ដំបង  បន្តផ្សព្វផ្សាយ និងអប់រំ ពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តបាត់ដំបង៖លោកសុខ លូ បានធ្វើការណែនាំដល់សាខា អនុសាខាកាកបាទក្រហមទូទាំងខេត្តបាត់ដំបង បន្តផ្សព្វផ្សាយ និងអប់រំ ពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជំរុញដល់ប្រជាពលរដ្ឋចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ព្រោះឥឡូវនេះ ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅតែជាបញ្ហាដែលកំពុងគំរាមកំហែងនៅក្នុងសហគមន៍ ដែលប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមក្នុងការកាត់ផ្ដាច់ការឆ្លងជាសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ព្រោះដូសជំរុញគឺជាអាវក្រោះការពារមិនឲ្យឆ្លង ឬមិនមានអាការៈធ្ងន់ធ្ងរកើតឡើង ឬឆាប់ជាសះស្បើយ កាត់បន្ថយអាត្រាការស្លាប់ឲ្យនៅបានទាបជាងមុននៅពេលដែលបានឆ្លងក៏ដោយ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃពុធ ម្សិលមិញ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានប្រសាសន៍ណែនាំដល់មន្រី្តប្រតិបត្តិសាខា សូមចូលរួមបន្តអនុវត្តរាល់សកម្មភាពការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរ និងសកម្មផុសផុល ហើយប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤រួមមាន៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤-ការអភិវឌ្ឍស្ថាប័ន ម៉្យាងទៀត ត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ ជនងាយរងគ្រោះនៅតាមមូលដ្ឋានដូចជា អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ធ្វើផ្ទះជូនជនទីទ័លក្រជាដើម ។ល៕SRP