ខេត្តព្រះសីហនុ៖លោក Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន បានគោរពជម្រាបជូនសម្តេចតេជោ នូវបេសកកម្មករបស់លោក នោះគឺដើម្បីរក្សាសុវត្ថិភាព សន្តិសុខ តំបន់ឥណ្ឌូប៉ាស៉ីហ្វិច ដែលបេីកចំហ និងសេរី។ ជាមួយគ្នានោះផងដែរ លោក បានប្តេជ្ញាគោរពជូនសម្ដេចតេជោ ថា លោក នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព និងសន្តិសុខក្នុងតំបន់។
លោកអះអាងបែបនេះនៅល្ងាចថ្ងៃទី១៥ ខែមីនា ម្សិលមិញ នៅឯសណ្ឋាគារសុខា ខេត្តព្រះសីហនុ ក្នុងឱកាសបានជួបពិភាក្សាជាមួយ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ លោក Noguchi បានសំដែងការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានធ្វើជាប្រធានអាស៊ាន ហើយក៏សូមសំដែងអំណរសាទរផងដែរចំពោះខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO)។
លោក Noguchi ក៏បានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេស តាមរយ:លោក ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេសជប៉ុនកន្លងមក។
នៅក្នុងជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្វាគមន៍ និងបានសំដែងនូវក្ដីរីករាយ ដែលនាវាជប៉ុន បានចូលចតនៅកម្ពុជា ហើយការចូលចតនេះ គឺចំខួប ៣០ឆ្នាំ របស់ PKO ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចូលចតនេះ គឺមកឃើញនូវភាពជោគជ័យ នៃប្រតិបត្តិការ PKO កាលពីរយៈពេល ៣០ឆ្នាំកន្លងទៅ។
តាមប្រតិបត្តិការរក្សាសន្តិភាព PKO ៣០ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ បានមានប្រសាសន៍សង្កេតឃើញថា តួនាទីរបស់ជប៉ុន នៅក្នុងឆាកអន្តរជាតិ ក្នុងការស្វែងរកសន្តិភាពកាន់តែមានការីកចំរើនឡើង ហើយ ប្រតិបត្តិការ PKO ដែលបានមកកាន់កម្ពុជាកន្លងមក មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ និងបានជួយជំរុញការអភិវឌ្ឍកម្ពុជាថែមទៀតផង។
សម្តេចតេជោ បានមានប្រសាសន៍ថា សម្ដេចពិតជាមានមោទនភាពណាស់ ចំពោះកិច្ចប្រតិបត្តិការរបស់ PKO ហើយសម្ដេចបានលើកទឹកចិត្តសូមឲ្យបន្តកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញតំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាពនិងគោរពច្បាប់ឲ្យបានត្រឹមត្រូវ៕SRP