ខេត្តរតនគិរី៖មានការលើកឡើងថានៅក្នុងទឹកដីខេត្តរតនគិរី សកម្មភាពដឹកជញ្ជូនឈើប្រណីត យកទៅលក់នៅប្រទេសវៀតណាមបានកើតមានយ៉ាងពេញបន្ទុក ប៉ុន្តែករណីនេះមិនត្រូវបានអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការទប់ស្កាត់បង្ក្រាបនោះទេ។ ប្រការដែលអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនមានឆន្ទៈក្នុងការបង្ក្រាបបែបនេះ ត្រូវបានគេសង្ស័យថាទទួលបានផលប្រយោជន៍ពីឈ្មួញឈើ ឈ្មោះមករា តាមរបៀបពុករលួយ។
យោងតាមសេចក្ដីរាយការណ៍ពីខេត្តរតនគិរីបានដឹងថា ឈ្មោះឈើដ៏ធំប្រចាំខេត្តរតនគិរី ឈឈ្មោះលោកមករា បានប៉ាវផ្តាច់ក្នុងការដឹកជញ្ជូនឈើ ចេញពីខេត្តរតនគិរីទាំងយប់ទាំងថ្ងៃ យកទៅលក់នៅប្រទេសវៀតណាម តាមច្រកអូយ៉ាដាវ ដោយមានការគប់គិត
ពីសំណាក់ប្រធានច្រកនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅទីនោះផងដែរ។
សេចក្ដីរាយការណ៍បានបន្តថា ឈ្មោះឈើមករា បានគប់គិតគ្នាជាមួយអាជ្ញាធរខេត្តជំនាញពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដើម្បីរូបគេរកស៊ីដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម បានដោយរលូន។ ទោះបីសកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មោះមករាធ្វើសកម្មភាពទាំងយប់ ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងយ៉ាងនេះក្ដី ក៏អភិបាលខេត្តរតនគិរីមិនមានឆន្ទៈក្នុងការទប់ស្កាត់បង្រ្កាបឡើយ ពោលអភិបាលខេត្តរូបនេះរក្សាភាពស្ងប់ស្ងាត់ បណ្ដែតបណ្ដោយឱ្យមានសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យបំផុត។
ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើ របស់មករាចេញទៅប្រទេសវៀតណាម ច្រកទ្វារអូរយ៉ាដាវ នេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេ៕SRP