ខេត្តព្រះវិហារ៖មានការលើកឡើងថាបច្ចុប្បន្នមេឈ្មួញឈ្មោះ ឡេង ធារ៉ា នៅតែបន្តសកម្មភាពប្រមូលទិញឈើពីតំបន់ព្រៃឡង់ និងតំបន់ព្រៃព្រះរកា ដឹកជញ្ជូនចូលដេប៉ូឈើដ៏ធំរបស់ខ្លួននៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ យ៉ាងពេញបន្ទុក។ សកម្មភាពរបស់ឈ្មួញឈ្មោះ ឡេង ធារ៉ា កំពុងធ្វើឲ្យព្រៃឡង់ ក្នុងស្រុកជ័យសែន និងព្រៃព្រះរកា ក្នុងស្រុកឆែប ស្រុកជាំក្សាន្ត ត្រូវប្រឈមនឹងសេចក្ដីវិនាស ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ឡេង ធារ៉ា នោះទេ។ ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏ដូចជាលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ នាំគ្នាសម្ងំស្ងាត់ឈឹង ទុកឲ្យឡេង ធារ៉ា ប្រមូលទិញឈើតាមតែអំពើចិត្ត។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ឡេង ធារ៉ា បានឲ្យដឹងថា ដោយសារឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ ទើបអាចបន្តសកម្មភាពប្រមូលទិញឈើ ដឹកចេញពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ចូលមកដេប៉ូរបស់ខ្លួនយ៉ាងពេញបន្ទុក។ ជាក់ស្ដែងសូម្បីលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ព្រមទាំងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ឡេង ធារ៉ា នោះឡើយ។ ហេតុនេះហើយទើបឈ្មួញឈ្មោះ ឡេង ធារ៉ា អាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា ចូលមកដេប៉ូរបស់ខ្លួនក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ កាន់តែខ្លាំងលើសមុនទៀត។
តាមប្រភពបានលើកឡើងថា បើគ្មានការបើកដៃពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ទេនោះ គឺឈ្មួញឈ្មោះ ឡេង ធារ៉ា មិនអាចធ្វើអ្វីៗតាមអំពើចិត្តឡើយ។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងករណីបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ នោះទេ។ ជាងនេះទៅទៀត មានការជំរុញឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការ បង្ក្រាបបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ឲ្យបានឆាប់និងប្រកបដោយប្រសិទ្ធភាព៕SRP

