ខេត្តបាត់ដំបង៖លោកសុខ លូ បានថ្លែងប្រាប់ដល់រដ្ឋបាលស្រុក បន្តពង្រឹងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងត្រូវណែនាំដល់មន្រ្ដីគ្រប់រូប ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យច្បាស់លាស់ និងម៉ត់ចត់ ហើយធ្វើយ៉ាងណាគេចឲ្យឆ្ងាយពីទង្វើណាដែលផ្ទុយពីច្បាប់។
លោក សុខ លូ បន្ថែមថា បើពុំនោះទេ បើសិនស្រាវជ្រាវរកឃើញថាមានបុគ្គលណាម្នាក់ប្រព្រឹត្តនូវអំពើផ្ទុយពីច្បាប់អ្វីមួយ និងធ្វើការចាត់វិធានការដោយគ្មានការលើកលែងឡើយ។
លោកសុខ លូ អភិបាលខេត្តបាត់ដំបង ប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោក សុខ លូ ក៏បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសមាគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធិភាព ការងារនៅក្នុងអង្គភាព មានភាពប្រសើរឡើង និងគុណភាព ក្នុងន័យបម្រើសេវាជនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ លោកផ្ដាំផ្ញើរដល់រដ្ឋបាលស្រុក បន្តពង្រឹងសុខសុវត្ថិភាព និងសុខសន្ដិភាពព្រោះកាលណាប្រទេសមានសុខសន្ដិភាពហើយ ការអភិវឌ្ឍប្រទេសក៏កើតមានឡើងដែរ ប្រទេសជាតិមានការរីកចម្រើនបានអាស្រ័យលើសន្ដិភាព។
លោកក៏បានជំរុញឲ្យបន្តពង្រឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទបម្លែងខ្លួនថ្មី អូមីក្រុង ដែលបច្ចុប្បន្ននេះ កំពុងតែមានការផ្ទុះរីករាលដាលជាសហគមន៍កាន់តែធ្ងន់ធ្ងរនៅលើបណ្ដាប្រទេសក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាក៏កំពុងរីករាលដាលដែរ ហើយត្រូវជំរុញឲ្យប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងទាំងដូសជំរុញ និងដូសមូលដ្ឋានសម្រាប់អ្នកដែលមិនទាន់បានមកចាក់ ជាពិសេសរដ្ឋបាលស្រុកត្រូវរៀបចំក្រុមការងារ ដើរចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅតាមគេហដ្ឋាន ដើម្បីពិនិត្យមើលថា តើគ្រួសារណាខ្លះដែលមិនទាន់បានចាក់វ៉ាក់សាំង គ្រួសារណាខ្លះដែលមិនទាន់បានចាក់ដូសជំរុញ និងត្រូវណែនាំគាត់ឲ្យយល់ច្បាស់ពីសារៈប្រយោជន៍ក្នុងការចាក់វ៉ាក់សាំង ជាពិសេសដូសជំរុញនេះតែម្ដង ក៏ដូចជាធ្វើការណែនាំដល់គាត់កុំឲ្យជឿលើសម្ដីញ៉ុះញ៉ុងពីជនអគតិមួយចំនួនដែលចោតប្រកាន់ថា វ៉ាក់សាំងកូវីដ-១៩បង្កហានិភ័យដល់សុខភាព និងអាយុជីវិតមនុស្ស ផ្ទុយទៅវិញវ៉ាក់សាំងកូវីដ-១៩មិនបង្កជាហានិភ័យដល់សុខភាពមនុស្ស ឬអាយុជីវិតទេ ហើយថែមទាំងជួយអាយុជីវិតមនុស្ស ពីការឆ្លងពីជំងឺកូវីដ-១៩ ឬជួយឲ្យអាត្រាការស្លាប់ឲ្យនៅទាបបំផុត នៅពេលដែលយើងបានឆ្លងជំងឺកូវីដ-១៩នេះ។
សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក លួត សាលី ឋានន្តរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជាអភិបាលស្រុកបវេលថ្មី ជំនួសលោក នូ ប៊ុនយ៉ាង ដែលចូលនិវត្តន៍៕SRP

