ក្រុមមន្រ្តីចុះពិនិត្យ ការលក់ថ្នាំព្យាបាលជំងឺកូវីដ នៅតាមឱសថស្ថាននាៗ ក្នុងក្រុងសៀមរាប

0

ខេត្តសៀមរាប៖ក្រុមមន្ត្រីនៅរសៀលថ្ងៃទី២៣ខែកុម្ភ: ម្សិលមិញ បានចុះទៅពិនិត្យមើលតាមឱសថស្ថាននានា នៅក្នុងខេត្តសៀមរាប អំពីការដាក់លក់ថ្នាំព្យាបាលជំងឺកូវិដ១៩ ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលជាពិសេសថ្នាំ Molnupiravir ដែលក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ការចែកចាយនិងលក់ ព្រោះថ្នាំនេះពុំមានលេខទិដ្ឋាការឬបញ្ជីកាពីក្រសួងសុខាភិបាល។

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល មន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីបានចុះពិនិត្យតាមឱសថស្ថាននានាក្នុងខេត្តសៀមរាបមួយចំនួនធំរួចមក ឃើញថា មានឱសថស្ថានមួយចំនួនតូចប៉ុនណ្ណោះ បានលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ប៉ុន្តែថ្នាំទាំងនោះ សុទ្ធតែមានលេខបញ្ជិកាពីក្រសួងសុខាភិបាលត្រឹមត្រូវ ដោយមន្រ្តីជំនាញមិនទាន់រកឃើញការលក់ថ្នាំ ដែលគ្មានបញ្ជីកាពីក្រសួងសុខាភិបាលនៅក្នុងក្រុងសៀមរាបនោះទេ។

នៅក្នុងឱកាសចុះត្រួតពិនិត្យនេះ ដែរលោកស្រីបានណែនាំឱ្យម្ចាស់ឱសថស្ថានទាំងអស់ត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហាមដាច់ខាតការលក់ថ្នាំ ដែលគ្មានបញ្ជីកាពីក្រសួងសុខាភិបាល។ ហើយសម្រាប់ឱសថស្ថានណាដែលបានលក់ថ្នាំព្យាបាលជំងឺកូវីដ ដែលមានបញ្ជីកាត្រឹមត្រូវពីក្រសួងសុខាភិបាលហើយនោះ ត្រូវលក់ក្នុងតំម្លៃសមរម្យកុំតំម្លើងថ្លៃហួសហេតុដែល ធ្វើឱ្យអ្នកប្រើប្រាស់មិនអាចទទួលយកបាន។

លោកស្រី លី វណ្ណៈ បានលើកឡើងថា កាលពីផ្ទុះកូវីដដំបូងមានអាជីវកមួយចំនួនបានលក់ម៉ាសក្នុងតំម្លៃថ្លៃហួសហេតុ ហើយឥឡូវនេះ អូមីក្រុងបានរាតត្បាត តែមានថ្នាំព្យាបាល ដូច្នេះសូមឱ្យម្ចាស់ឱសថស្ថានទាំងអស់កុំលក់ថ្នាំព្យាបាលកូវីដនេះ ថ្លៃហួសហេតុពេក ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចទទួលយកបាន។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ Molmupiravir ដែលគ្មានលេខទិដ្ឋាការ ឬបញ្ចិកាខាងលើ ជាបន្តទៀត ពីព្រោះឱសថទាំងនេះមិនអាចធានាបាននូវ ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមាន គ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងផ្សព្វផ្សាយលក់ ឱសថគ្មានលេខបញ្ចិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ឱសថដែលគ្មាន លេខទិដ្ឋាការ ឬបច្ឆិកាខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕SRP