លោកហ៊ុន ម៉ាណែត៖ ក្នុងសង្រ្គាមកូវីដ សម្តេចតេជោ បានរក្សានូវលំនឹង ពីហានិភ័យនៃវិនាសកម្មបង្កដោយជំងឺនេះ

ខេត្តសៀមរាប៖លោកហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានរក្សានូវលំនឹងពីហានិភ័យនៃវិនាសកម្មបង្កដោយជំងឺនេះ តាមរយៈ ការសម្រេចរៀបចំមូលដ្ឋាននៃការព្យាបាលរឹងមាំ រួមមានជាអាទិ៍ ការបើកដំណើរការមណ្ឌល ព្យាបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់នៅទូទាំងប្រទេស ការសម្រេចចិត្តរហ័សទាន់ពេលវេលាក្នុងការជ្រើសរើសយកថ្នាំព្យាបាល និងវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងការសម្រេចអនុញ្ញាតឱ្យព្យាបាលតាមផ្ទះ ដោយមានការចូលរួមពិចារណា ពិគ្រោះយោបល់ និងសិក្សាស្រាវជ្រាវច្បាស់លាស់ត្រឹមត្រូវរបស់ក្រុមបច្ចេកទេសជំនាញនៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនានា។ D-19-2-22-MND1

លោកបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តសៀមរាប នៅពីព្រឹកមិញនេះ។

លោកហ៊ុន ម៉ាណែត បានបន្តថា ចំណាត់ការដ៏ស័ក្តិសិទ្ធិ និងប្រកបដោយភាពហ្មត់ចត់នេះ បានធ្វើឲ្យគ្រប់គ្រង បានអត្រាអ្នកឆ្លងទាប ហើយក៏មិនមានករណីស្លាប់ថ្មីទៀតទេគិតត្រឹមថ្ងៃនេះ។ ការណ៍នេះបានជួយឱ្យកម្ពុជា ឈានទៅបើកប្រទេសទ្បើងវិញ លើគ្រប់វិស័យ ដែលជាការធានាបាននូវតុល្យភាព នៃសុខភាព សុខមាលភាព ប្រជាពលរដ្ឋ និងដំណើរការជាប្រក្រតីនៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។ យ៉ាងណាក៏ដោយ សម្តេច ក៏បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសការចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នាសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃមេរោគបំប្លែងថ្មីៗ។

លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋ នៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត ដូចស្តែងឡើងតាមរយៈគំរូវីរភាពក្នុងដំណាក់ កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានជាអាទិ៍ការយកអាយុជីវិតធ្វើជាដើមទុនក្នុងការរំដោះពីការសម្លាប់រង្គាល របស់របបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាម ដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពសពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយ ណាមួយទ្បើយ ដែលផ្ទុយពីអ្នកនយោបាយ ជ្រុលនិយមមួយចំនួន តែងតែចិញ្ចឹមចិត្តរង់ចាំតែរកចន្លោះ ដើម្បីកេងចំណេញមហិច្ឆិតានយោបាយ របស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខ និងការស្លាប់រស់ របស់ប្រជាពលរដ្ឋឡើយ៕SRP