ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន ៣ នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តចំនួន ៣ គ្រឿងដែលបានបុកបន្តគ្នា។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ០៤និង៤០នាទី ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 36៤និង 36៥ រវាងរថយន្តក្រុងបុក ជាមួយរថយន្តធុនធំដឹកស៊ីម៉ង់ និងរថយន្តធុនតូច។
សមត្ថកិច្ចបានឲ្យដឹងថា៖រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងម៉ាក MITSUBISHI ពាក់ផ្លាកលេខ ភ្នំពេញ 3B.9886 ពណ៌បៃតង បើកបរដោយឈ្មោះ (មិនស្គាល់អត្ដសញ្ញាណ ) ក្នុងទិសដៅពីកើតទៅលិច បានរ៉េចង្កូតឆ្វេងដៃ បានបុករថយន្តធំមួយគ្រឿងដឹកស៊ីម៉ង់ម៉ាក NISSAN UD ពាក់ស្លាកលេខ ស្វាយរៀង 3A.0625 ចំពីមុខបើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ) ក្នុងទិសដៅពីលិចទៅកើត។
ក្រោយពេលកើតហេតុរួចកម្លាំងផ្នែកចរាចរណ៍ស្រុកក្រឡាញ់ បានចុះសម្រួលចរាចរណ៍ការពារកុំឲ្យមានគ្រោះថ្នាក់បន្ថែមទៀត ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI MIGHTY ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C.6797 បើកដោយឈ្មោះ ឈី សុខ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង មានអ្នករួមដំណើរ៣នាក់ទៀតមួយឈ្មោះ រស់ ម៉ារិទ្ធិ ភេទ ស្រី អាយុ៣០ ឆ្នាំនិងប្តីឈ្មោះ ហឿ ធារ៉ា ភេទស្រី អាយុ៤០ឆ្នាំ និងកូនក្មេងប្រុសតូចមួយទៀតមិនស្គាល់ឈ្មោះ រស់នៅភូមិ ពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បើកមកពីទិសខាងលិចយ៉ាងលឿនឃើញបែបនោះមន្ត្រីចរាចរណ៍យើងបានធ្វើសញ្ញាឲ្យបន្ថយល្បឿន តែមិនព្រមបន្ថយល្បឿន ទើបមន្ត្រីចរាចរណ៍យើងបានលោតគេចចេញ ហើយរថយន្តខាងលើនោះក៏បានបើកមកបុកគូទរថយន្តដឹកស៊ីម៉ងត៍ពីក្រោយបន្ថែមទៀត។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយគ្រោះថ្នាក់ និងខូចខាត
១. ឈ្មោះ រស់ ម៉ារិទ្ធិ (បាក់ជើងទាំងពីរ)
២. ឈ្មោះ ហឿ ធារ៉ា (របួសស្រាល)។
ខូចខាតរថយន្តធ្ងន់២គ្រឿង និងរថយន្តស្រាល១គ្រឿង។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាល
មកពីអ្នកបើកបររថយន្តក្រុង និងរថយន្ត. HYUNDIA បេីកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំ។
ករណីនេះកម្លាំងជំនាញបានពិនិត្យ វាស់វែង បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក។ ចំណែកវត្ថុតាងទាំងបីគ្រឿង រក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕SRP