ភ្នំពេញ៖ក្នុងសារសំឡេងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ បានបញ្ជាក់ថា យើងចាំបាច់ត្រូវចាក់វ៉ាក់សាំង ដល់កុមារចាប់ពីអាយុ ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ព្រោះមានភាពចាំបាច់ដើម្បីការពារកុមាររបស់យើង កុំឱ្យឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង។
នាយករដ្ឋមន្ត្រីបន្តថា យើងអត់មានជម្រើសណាល្អជាង ការចាក់វ៉ាក់សាំងដូសមូលដ្ឋានជាដូសទី១ ដូសទី២ សម្រាប់កុមារ ពី ៣ ឆ្នាំ ដល់ក្រោម ៥ ឆ្នាំនោះទេ ដែលតាមតួលេខនៅទូទាំងប្រទេសមានប្រមាណ ៧០ម៉ឺននាក់។
ក្នុងសារសំឡេងដដែល នាយករដ្ឋមន្ត្រីបានសូមអំពាវនាវចំពោះ មាតាបិតា អាណាព្យាបាល សូមនាំកូនចៅ របស់ខ្លួនទៅទទួលវ៉ាក់សាំងនៅតាមទីកន្លែងនានា ដែលរៀបចំការចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
នាយករដ្ឋមន្ត្រីក៏សូមឱ្យក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធនានា ខិតខំសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងឱ្យកុមារអាយុ ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ឱ្យបានឆាប់ ហើយធ្វើឱ្យមានសុវត្ថិភាពបំផុតសម្រាប់កុមាររបស់យើង៕SRP