ឧកញ៉ាចំនួន២រូប ទទួលបានដីទំហំ​២៥៥,៤​ហិកតា​ នៅបឹងតាមោក

ឧកញ៉ាចំនួន២រូប ទទួលបានដីទំហំ​២៥៥,៤​ហិកតា​ នៅបឹងតាមោក

ភ្នំពេញ៖ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​ របស់​រដ្ឋ​ស្ថិតនៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​កាត់ចេញ​ទំហំ​២ ៥៥៤ ០០០​ម៉ែត្រក្រឡា (២៥៥,៤​ហិកតា​) និង​ធ្វើ​អនុ​ប​យោគ ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​ របស់​រដ្ឋ​ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ព្រមទាំង​ប្រទានកម្ម​ជូន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ចំនួន​២​រូប គឺ​ឯកឧត្តម​ឧកញ៉ា កុក អាន ដែល​គេ​ស្គាល់​ថា ជា​អគ្គនាយក​ក្រុមហ៊ុន​អាន​កូ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឧកញ៉ា ជឹ​ង ធាន​សេង ធ្វើជា​កម្មសិទ្ធិ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ។​

ឧកញ៉ា ជឹ​ង ធាន​សេង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Five Sibling & NH Co.,Ltd. ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​១ ០០០ ១៦៨​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា សង្កាត់​ពញា​ពន់ និង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ធ្វើជា​កម្មសិទ្ធិ ដែល​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​២៣០​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១។

ឧកញ៉ា កុក អាន អគ្គនាយក​ក្រុមហ៊ុន​អាន​កូ ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​១ ៥៥៣ ៨៣២​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ធ្វើជា​កម្មសិទ្ធិ​ដែល​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​២៣១​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

ឧកញ៉ា​ កុក អាន ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១៩៥/០៤ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​១៩៩៥ និង​លោក ជឹ​ង ធាន​សេង​ ​ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៣/២៨៥ ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៣ ។

ឧកញ៉ា ជឹ​ង ធាន​សេង ក៏​អតីត​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ម្នាក់​ដែរ អត្តលេខ​០១១៦០៩ ឋានន្តរស័ក្តិ​វរសេនីយ៍ឯក​(​ស័ក្តិ​៥) និង​ធ្លាប់​កាន់តំណែង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង (​ប៉ុន្តែ​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​វិញ ដោយ​អនុក្រឹត្យ​លេខ​១៦៥៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤) ។​

សូម​រំលឹក​ជូន​ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd. ដែលមាន​ឧកញ៉ា ជឹ​ង ធាន​សេង ​ជា​នាយក​ក្រុមហ៊ុន ក៏​ធ្លាប់​ទទួលបាន​ចំណែក​ផ្ទៃដី​បឹងទំពុន ស្ថិតនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទំហំ​៣៥​ហិកតា ធ្វើជា​កម្មសិទ្ធិ​ផងដែរ។ គិត​ត្រឹម​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ​ស្ថិតនៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ យ៉ាងហោចណាស់​ទំហំ​ប្រមាណ​១៨ ៣៨២ ៨៦៩,៥ ម៉ែត្រក្រឡា (​ជាង​១ ៨៣៨​ហិកតា​) ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជា កា​ត់​ចេញ​ធ្វើ​អនុ​ប​យោគ ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រទានកម្ម​ទៅ​ឲ្យ​ស្ថាប័នរដ្ឋ និង​បុគ្គល​ឯកជន​ជា​ហូរហែ​ធ្វើជា​កម្មសិទ្ធិ៕SRP