លោកសុខ លូ ស្នើអាល្លឺម៉ង់ មកវិនិយោគទុន នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថាទោះបីខេត្តបាត់ដំបង ជាខេត្តកសិកម្មពិតមែន តែក៏នៅមានបញ្ហាផងដែរ គឺមានការខ្វះខាតរោងចក្រ ឬសិប្បកម្មកែឆ្នៃផលិតផលកសិកម្ម ហើយនេះជាកង្វល់របស់ខេត្ត។

លោកបានស្នើដល់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា ជួយជំរុញផ្សព្វផ្សាយដល់អ្នកវិនិយោគទុន ឱ្យមកធ្វើការវិនិយោគទុនមកខេត្តបាត់ដំបង និងបន្តជួយ លើគំរោងផ្សេងទៀតនៅខត្តបាត់ដំបង។

ការស្នើនេះធ្វើឡើងនៅរសៀលថ្ងៃអង្គារទី១៥ ខែកុម្ភៈម្សិលមិញ ក្នុងឱកាសអនុញ្ញាត ទទួលជួបសម្ដែងការគួរសមជាមួយ លោក Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងកម្មវិធីគាំទ្រដែលត្រូវបានកំពុង និងបន្តអនុវត្តជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបង។

លោកសុខ លូ បានមានប្រសាសន៍ស្វាគមន៍ដល់ លោក ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនៈកិច្ច នៅខេត្តបាត់ដំបង ហើយគណៈប្រតិភូមានការចាប់អារម្មណ៍ ថាជាខេត្តដែលមានសក្តានុពលលើវិស័យកសិកកម្ម ទេសចរណ៍ និងវិស័យមួយចំនួនទៀត។

លោក Christian Berger បានលើកឡើងផងដែរថា អាល្លឺម៉ង់ តាមរយៈអង្គការ GIZ បានធ្វើការងារជាច្រើននៅក្នុងខេត្តបាត់ដំបង ក្នុងនោះក៏មានកម្មវិធី វិមជ្ឈរកា និងវិសហមជ្ឈការ និងការផ្តល់សេវា ជូនប្រជាពលរដ្ឋ។

លោកក៏បានលើកឡើង និងមានការចាប់អារម្មណ៍ ទៅការៀបចំសោភ័ណភាព ក្នុងក្រុង ព្រោះខេត្តបាត់ដំបង មានលក្ខណៈពិសេសជាងខត្តដ៏ទៃ តាមខេត្តដែល លោក ធ្លាប់ទៅដល់ ហើយខេត្តបាត់ដំបងនេះ ជាខេត្តមរតក ដែលសម្បូណ៍ទៅដោយសំណង់អគារបុរាណប្រវត្តិសាស្រ្ត ជាច្រើន។

លោកសុខ លូ ក៏បានលើកឡើងអំពីផែនការរបស់ខេត្ត ក្នុងការរៀបចំសោភ័ណភាព អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ នៅក្នុងខេត្តបាត់ដំបង ជាពិសេសទៅលើការគ្រប់គ្រងកាកសំណល់រឹង គឺសំរាម ជនអាណាថា និងសំណង់អាណាធិបតេយ្យ ជាដើម៕SRP