ខេត្តឧត្ដរមានជ័យ៖លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រាប់ដល់មន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តរួមសហការគ្នាឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ និងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការ ពារធម្មជាតិ និងរបៀងអភិរក្សចម្រុះ របស់កម្ពុជា។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ ក្នុងពេលចុះពិនិត្យការងារគ្រប់គ្រង ធនធានធម្មជាតិ និងជីវៈចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងនោះរួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ ថា ការអភិរក្សធនធានធម្មជាតិ បានគង់វង្ស ត្រូវផ្សារភ្ជាប់នឹងការបង្កើតសេដ្ឋកិច្ច នៅមូលដ្ឋានតាមរយៈការលើក ស្ទួយជីវភាពសហគមន៍ដោយការជំរុញលើការចិញ្ចឹមសត្វ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងកត្តារួមផ្សំផ្សេងៗផងដែរ។
សូមបញ្ជាក់ថាខេត្តឧត្តរមានជ័យ មានតំបន់ការពារធម្មជាតិចំនួ០៣ មានផ្ទៃដីសរុប ១៩១.៤០៣ ហិកតា ក្នុងនោះរួមមាន៖ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន មានផ្ទៃដីទំហំ ៣០.២៥៤ ហិកតា តំបន់ការពារទេសភាពបន្ទាយឆ្មារមានផ្ទៃដីទំហំ ៣៨.៥០៦ ហិកតា និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ១២២.៦៤៣ ហិកតា ព្រមទាំងរបៀងអភិរក្សជីវចម្រុះឧត្តរ មានផ្ទៃដីទំហំ ៣៧.៦៩៦ ហិកតា។
ជម្រាបថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន កន្លងទៅបានទទួលរងនូវការកាប់បំផ្លាញ យ៉ាងរង្គាលពីសំណាក់ ក្រុមឈ្មួញមួយចំនួន។ ករណីបែបនេះត្រូវបានគេរាយការណ៍ថាអាចមានការគប់គិតគ្នាជាប្រព័ន្ធ៕SRP