កម្មករធ្វើផ្លូវ ក្នុងក្រុងសៀមរាប តវ៉ាសុំបើកប្រាក់ខែ

កម្មករធ្វើផ្លូវ ក្នុងក្រុងសៀមរាប តវ៉ាសុំបើកប្រាក់ខែ

ខេត្តសៀមរាប៖ក្រុមកម្មករប្រមាណជិត៣០នាក់ដែលធ្វើផ្លូវ៥ខ្សែ នៅជុំវិញផ្សារចាស់ ក្នុងចំណោមគម្រោង សាងសង់ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននាំគ្នាតវ៉ាសុំបើកប្រាក់ខែពីមេការ ឈ្មោះសេង ពេជ្រ។

ការតវ៉ាធ្វើឡើងនៅថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ២០២២ម្សិលមិញ បន្ទាប់ពីមេការរូបនេះ មិនបើកប្រាក់ខែឲ្យពួកគាត់ជាច្រើនខែមកហើយ។

ក្រុមកម្មករបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថាក្រុមពួកគាត់មានគ្នាជិត៣០នាក់ ទទួលបន្ទុកធ្វើផ្លូវ៥ខ្សែ នៅជុំវិញផ្សារចាស់ ក្នុងភូមិមណ្ឌុល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ក្រុមកម្មករបន្តទៀតថា កន្លងមកលោក សេង ពេជ្រ ជាមេការ មិនដែលបើកប្រាក់ខែអោយពួកគាត់នោះទេ។ ប៉ុន្តែមេការរូបនេះតែងអោយកម្មករខ្ចីលុយ ដោយអ្នកខ្លះខ្ចីបាន៤០មុឺនរៀល ៦០មុឺន ១លានរៀល តាមតែចិត្តដែលគាត់អោយខ្ចី។ ដោយឡែកឥលូវនេះពួកគាត់បានធ្វើផ្លូវរួចរាល់ហើយប៉ុន្តែឈ្មោះ សេង ពេជ្រ មិនបើកលុយអោយ ហើយថាខាងក្រុមហ៊ុន មិនទម្លាក់លុយអោយ។ ហើយខែកុម្ភៈ ឆ្នាំ២០២២ កម្មករមកតវ៉ាដល់ក្រុមហ៊ុនសុំបើកប្រាក់ខែ តែខាងក្រុមហ៊ុនឆ្លើយថា ខាងក្រុមហ៊ុនបានទម្លាក់លុយអោយលោក សេង ពេជ្រ អស់ហើយ។ បើទោះបីយ៉ាងណា ក៏ខាងក្រុមហ៊ុនសន្យាថា នឹងជួយសម្រប់សម្រួល ការបាត់បងប្រាក់ខែនេះអោយពួកគាត់ផងដែរ។

សូមជម្រាថា កម្មករខ្លះគាត់បាត់ប្រាក់ខែ ៣ខែ ខ្លះ៥ខែ ហើយ ក្នុង១ខែចន្លោះពី៣០០$ ទៅ៥០០$។ ក្នុងការតវ៉ានេះ មានតែភាគីកម្មករ និង ក្រុមហ៊ុនតែប៉ុណ្ណោះ អត់មានវត្តមានមេការទទួលបន្ទុកធ្វើផ្លូវ៥ខ្សែនៅផ្សារចាស់លោក សេង ពេជ្រ នោះទេ។ សៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកសេងពេជ្រនៅឡើយទេចំពោះការលើកឡើងរបស់កម្មករ។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញជិះកង់ពិនិត្យមើលផ្លូវ ទោចក្រយានយន្ត និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ តាមផែនការដែលបានគ្រោងទុក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យ ដឹងថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខបានបញ្ចប់ ជាស្ថាពរតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ។

គួររម្លឹកផងដែរថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងសារណការដឹកជញ្ជូនរូបនេះ គេនៅពុំទាន់ឃើញចុះត្រួតពិនិត្យផ្លូវទាំងអស់ ក្នុងក្រុងសៀមរាបនោះទេ ពោលរដ្ឋមន្ត្រីរូបនេះ តែងតែពិនិត្យមើលផ្លូវណាដែលធ្វើស្អាតៗ តែប៉ុណ្ណោះ៕SRP