មន្ត្រីថា រ៉ឺម៉កដឹកឈើ ដែលបុករថយន្តនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ជាឈើមានច្បាប់

មន្ត្រីថា រ៉ឺម៉កដឹកឈើ ដែលបុករថយន្តនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ជាឈើមានច្បាប់

ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានថ្លែងប្រាប់ថា រ៉ឺម៉កមួយគ្រឿងដែលបានដឹកឈើ ហើយបុករថយន្តនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ជាឈើមានច្បាប់ចេញពីដេប៉ូ។
មន្ត្រីបន្តថា ឈើដែលវែងដូច្នេះគឺជាឈើមានច្បាប់ចេញពីដេប៉ូ។ ទោះជាយ៉ាងណាមន្ត្រីរដ្ឋបាលព្រៃឈើ មិនបានបញ្ជាក់ថាម្ចាស់ឈើមានឈ្មោះអ្វី ហើយរ៉ឺម៉កដឹកឈើនោះចេញពីដេប៉ូមួយណាឡើយ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះមន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាបបានបញ្ជាក់ផងដែរថា បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង។ យ៉ាងណាមន្ត្រីនគរបាលចរាចរណ៍មិនបានបញ្ជាក់ថាភាគីខាងណាមួយខុសឬត្រូវនោះទេដោយសារគេបានបញ្ចប់គ្នានៅកន្លែង។

សូមបញ្ជាក់ថាកាលពីនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២២នៅចំណុចផ្លូវបំបែក ជា៤ជិតស្ថានីយ៍ប្រងឥន្ទន: អ៊ុក សុខុម ខាងកេីតស្ពានក្រវ៉ាត់ក្រុង៥០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប រ៉ឺម៉កដឹកឈើ១គ្រឿង ដែលមានទិសដៅពីកើតទៅលិចបានបុកជាមួយរថយន្តស៊ាំយ៉ុងដែលបានឆ្លងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ញាជើង តែមិនបង្កឲ្យមានមនុស្សណារងរបួសនោះទេ។

ទាក់ទងទៅនឹងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះថារ៉ឺម៉កដឹកឈើខាងលើជារបស់ឈ្មោះចាន់ ណា នោះ លោកចាន់ ណា បានបដិសេធថា មិនពាក់ព័ន្ធជាមួយលោកនោះទេ៕SRP