នៅទីបំផុត តុលាការកោះហៅ អភិបាលស្រុកព្រះនេត្រព្រះ ចូលបំភ្លឺ ករណីទន្ទ្រានដីព្រៃលិចទឹកតំបន់៣

នៅទីបំផុត តុលាការកោះហៅ អភិបាលស្រុកព្រះនេត្រព្រះ ចូលបំភ្លឺ ករណីទន្ទ្រានដីព្រៃលិចទឹកតំបន់៣

ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតអភិបាលស្រុក​ព្រះនេត្រព្រះ លោក ឃូ ពៅ ត្រូវបានតុលាការឲ្យ​ចេញ​លិខិតអញ្ជើញ​ឲ្យ​ចូលខ្លួន ទៅកាន់​អយ្យការអម​សាលាដំបូង​ខេត្តបន្ទាយមានជ័យនៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​សាកសួរ អំពី​ដំណើររឿង អ្នក​ដែល​ពាក់ព័ន្ធការ​ឈូសឆាយ ទន្ទ្រាន​ដីព្រៃ លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាសាទ និង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ នេះ​បើ​យោងតាម​លិខិតអញ្ជើញ ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​ចេញ​ដោយ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា បៃ​អយ្យការ អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ​។​

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ជាង ៨០០ នាក់រស់នៅ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នើឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជួយ​អន្តរាគមន៍ ដោះស្រាយ ដោយ​ដកហូត​ដី​រដ្ឋ និង​ព្រៃ​លិច​ទឹកទំហំ​ជាង១០០ ហិកតា ទុកជា​សម្បត្តិ​រួម សម្រាប់​ប្រើប្រាស់ ក្នុង​សហគមន៍​វិញ ខណៈដែល ពួកគេ​អះអាងថា ដី​នោះ​ត្រូវបាន​មន្ត្រី​មួយចំនួនឃុបឃិត​គ្នាលួច​លក់​ទៅឱ្យឈ្មួញ​។​

​នៅក្នុង​លិខិត ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ដែលមាន​ស្នាម​ផ្តិតមេដៃ របស់សហគមន៍ ភ្នំ​លៀប ជាង៨០០នាក់ បាន​រៀបរាប់ថា មេឃុំ​ឈ្មោះ អែម ណុ​យ បាន​លក់ដី​រដ្ឋនិង​ដីព្រៃ​លិច​ទឹក ជាប់​បឹង​ទន្លេសាប​ទំហំ ប្រមាណ១២០ ហិកតា ឱ្យទៅ​ឈ្មួញ​។ តាមរយៈ​លិខិត​នេះ ក្រៅពី​ដីព្រៃ​លិច​ទឹក គឺ​នៅមាន​ដី២ ទីតាំង​ទៀតដូចជា​ដី​ក្បែរ​ក្បាលស្ពាន និង​ដីព្រៃ​សហគមន៍ ភូមិ​កំបោរ ក៏ត្រូវ​បាន​មេឃុំ​រូបនោះលក់​ដែរ​។​

​លិខិត​នោះបាន​បញ្ជាក់ថាមេឃុំ និង​អភិបាលស្រុក​ព្រះនេត្រព្រះ បាន​ចុះ​ហត្ថលេខារួមគ្នា កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ដោយ​ទទួលស្គាល់​កំណត់ហេតុ និង​ទីតាំង​បង្ហាញ​ប្លង់ដី ដែល​បាន​លក់​ទិញ ដោយមាន​បោះត្រាថែម​ទៀតផង​។

​លិខិត​នេះធ្វើឡើងបន្ទាប់ពី​លិខិត​ចុះ​ថ្ងៃទី​១ខែសីហា ឆ្នាំ​២០១៩ ដែលមាន ចុះ​ហត្ថលេខា ដោយ​លោក អែម ណុ​យ ជា​មេឃុំ​ភ្នំ​លៀប បាន​ចុះ​កិច្ចព្រមព្រៀង លើ​ការលក់ ទិញ​ដី​នេះ ឱ្យទៅ​ក្រុមគ្រួសារ ឈ្មោះស៊ា សុ​ឃុន និង​ប្រពន្ធ​ឈ្មោះ ស្រង់ ទ្រព្យ នៅ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​៕SRP