ខេត្តព្រៃវែង៖សម្ដេច ស ខេងបានថ្លែងផ្ដាំផ្ញើថា កិច្ចការបន្តចាប់ពីពេលនេះទៅ ការប្រមូលផ្ដុំគ្នាចុះទៅកាន់មូលដ្ឋានប្រជាពលរដ្ឋ ជាពិសេសចូលរួមផ្ដល់ការគាំទ្រដល់បេក្ខជន បេក្ខនារីក្រុមប្រឹក្សា ឃុំសង្កាត់របស់គណបក្ស ឱ្យធ្វើសកម្មភាពនានា នៅមូលដ្ឋានគឺជាអាទិភាព។ សម្ដេច ស ខេង ថាទន្ទឹមនឹងនេះត្រូវរួមគ្នាប្រមូលបញ្ហាប្រឈម នៅមូលដ្ឋាន មកដោះស្រាយ ដោយគ្មានការលាក់លៀម ខិតខំផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋល្អ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើអំពើល្អដោយការមិនរំលោភអំណាច មិនបំពានសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងត្រូវពង្រឹងគុណភាពសមាជិក មានស្រាប់ ព្រមទាំងពង្រីកសមាជិកថ្មីបន្ថែម។
សម្ដេចក៏បានគូសបញ្ជាក់ អំពីការបន្តប្រព្រឹត្ត ទៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សារៈសំខាន់នៃសាលាជាតិរដ្ឋបាល មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គ្រោះថ្នាក់ចរចរណ៍ ការដោះស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងការស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន។ សម្ដេចបានបន្តស្នើឱ្យអាជ្ញាធរបង្កើនការយកចិត្តទុកបញ្ហាគ្រឿងញៀន ហើយឪពុកម្ដាយ អាណាព្យាបាល ត្រូវជួយទប់ស្កាត់ក្រុមគ្រួសារ កុំឱ្យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
សម្ដេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង ថ្លែងយ៉ាងដូច្នោះនៅថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព ការងារប្រចាំឆ្នាំ២០២១ លើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង ប្រារព្ធនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង៕SRP