តាកូម៉ាបើកលឿន បុកជាងម៉ូតូម្នាក់ នៅក្រុងសៀមរាប បណ្ដាលឲ្យស្លាប់

0

ខេត្តសៀមរាប៖ជាងម៉ូតូម្នាក់កំពុងតែបើកម៉ូតូត្រូវបានរថយន្ត១គ្រឿងបើកលឿនបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់។ហេតុការណ៍បានកើតឡើងតាមបណ្ដោយផ្លូវបេតុងក្រវ៉ាត់ក្រុង ត្រង់ចំណុចរង្វង់មូលប៊ុនរ៉ានី ស្ថិតក្នុង ភូមិថ្នល់ សង្កាត់ស្រងែ ក្រុងសៀមរាប  នៅវេលាម៉ោង ១១និង ១០នាទីព្រឹក ថ្ងៃទី ១១ខែកុម្ភៈ ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកមាសស្លាកលេខ ប៉ៃលិន 2B-3578 ទិសដៅពីកើត ទៅលិច។ ចំណែកម៉ូតូម៉ាក ធូដេ ពណ៌ស គ្មានស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើងឆ្លងផ្លូវក្រវ៉ាត់ក្រុង។

សមត្ថកិច្ចបានបន្តទៀតថា៖ករណីនេះបុរស អ្នកបើកម៉ូតូ ឈ្មោះ សិម ខុន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប មិនពាក់មួកសុវត្ថិភាព បានស្លាប់បន្ទាប់ពី បានបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកឯអ្នកបើកបររថយន្តតាកូម៉ា បានរត់គេចខ្លួនបាត់ស្រម៉ោល។

មូលហេតុបណ្ដាលមកពី រថយន្តបើកបរក្នុងល្បឿនលឿន។ វត្ថុតាងត្រូវបានរក្សាទុកនៅ​  ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ កម្លាំងជំនាញកំពុងស្រាវជ្រាវ  និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ ចំណែកជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារដើម្បី ធ្វើបុណ្យតាមប្រពៃណី៕